ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូរួចហើយកិនពីលើបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹង រួចហើយកិនពីលើបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដាយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខឧត្តរមានជ័យ1E-9659 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុត្រង់ភ្លើងស្តុបវត្តសំរោងអណ្ដែតអ្នកបើកម៉ូតូនេះក៏បានបត់ឆ្វេងឆ្លងផ្លូវ រំពេចនោះស្រាប់តែមានរថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3D-9165 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបានទៅបុកម៉ូតូពីក្រោយពេញទំហឹង រួចកិនពីលើបណ្ដាលឱ្យបុរសដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ    ចំណែកតៃកុងរថយន្តបង្កហេតុបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖