ភ្នំពេញ ៖ រថយន្តតូយ៉ូតា ព្រូស បានបើកបុករថយន្តហាយឡេនឌ័រពីក្រោយដូចរុញឱ្យទៅបុករថយន្តព្រូសមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំង៣គ្រឿង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង០០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវលេខ២០០៤ ខាងកើតភ្លើងស្តុបណតប៊្រីតជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Toyota Prius មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BK-7609 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ពីកើតទៅលិច ក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុខាងលើរថយន្តព្រូសនេះបានជ្រុលទៅបុករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AW-5890ពីក្រោយពេញទំហឹងហើយរុញទៅបុករថយន្ត Toyota Prius មួយគ្រឿងទៀតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-1013ខណៈដែលកំពុងឈប់បន្តកន្ទុយគ្នារង់ចាំភ្លើងស្តុបពណ៌បៃតង បណ្ដាលឱ្យរងការខូចខាត។ ចំណែករថយន្តបង្កហេតុរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តបង្កបានមកដល់កន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕
ដោយ៖និន សុភ័ស្ត