ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រារករឿងប្រពន្ធញឹកញាប់ពេកប្រពន្ធទ្រាំពុំបានប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសប្រមឹកម្នាក់តែងតែរករឿងនិងវាយដំប្រពន្ធខ្លួនឯងជាញឹកញាប់ពេក ជាហេតុធ្វើឱ្យប្រពន្ធទ្រាំពុំបានប្ដឹងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលឱ្យចាត់ការតាមនីតិវិធី ករណីហិង្សាក្នុងគ្រួសារ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី នៅចំណុចភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឡាន ឡឹក ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ ស៊ីម ចិន ហៅ ភា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិឃុំកើតហេតុ ។ វត្ថុតាងចាប់យក៖ ដែកកេះចំនួន០១។

    ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ តែប្រពន្ធមិនដែលបានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ទេ។ លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ជនសង្ស័យត្រឡប់មកដល់ផ្ទះវិញស្ថិតក្នុងសភាពស្រវឹងស្រា  បានរករឿងប្រពន្ធដោយប្រចណ្ឌប្រពន្ធថា ទូរស័ព្ទមួយយប់ៗឮតែរោទ៍មិនឈប់។ តែជនរងគ្រោះជាប្រពន្ធមិនតបតអ្វីឡើយ ដោយដឹងថាប្ដីពេលស្រវឹងស្រាម្ដងៗតែងតែរករឿងខ្លួន។ ភ្លាមនោះជនសង្ស័យបានយកកំប៉ុងស្រាបៀរគប់ប្រពន្ធត្រូវចំប្រអប់ដៃខាងស្ដាំបណ្ដាលឱ្យមានរបួសហើមជាំ តែជនរងគ្រោះមិនតបតទេគឺបានដើរចេញ ។ បន្ទាប់មកជនសង្ស័យបានស្ទុះទៅចាប់បោកជនរងគ្រោះឱ្យដួលផ្ទប់ទៅលើដី ពេលនោះត្រូវឈ្មោះ រឹម រ៉ូ ភេទប្រុស ចូលឃាត់ ហើយជនសង្ស័យបានយកដែកកេះដុតខោអាវបណ្ដាលឱ្យឆេះជញ្ជាំងផ្ទះនិងរនាបឫស្សី (ផ្ទះសង់ពីឈើប្រក់ស័ង្កសី) និងមុងភួយអស់មួយចំនួន។ ភ្លាមៗនោះមានប្រជាពលរដ្ឋនៅក្បែរនោះបានជួយពន្លត់ទាន់។ បន្ទាប់មក ជនរងគ្រោះក៏បានទូរស័ព្ទ

ទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុងឱ្យជួយធ្វើអន្តរាគមន៍។ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានចុះមកឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖