ការសម្រាកផឹកទឹក ឬភេសជ្ជៈរបស់កីឡាករនឹងត្រូវបានអនុវត្តក្នុងអំឡុងពេលការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ ដោយសារតែសីតុណ្ហភាពឡើងខ្ពស់នៅទូទាំងចក្រភពអង់គ្លេស។
ការិយាល័យឧត្តុនិយមបានចេញការព្រមានអំពីអាកាសធាតុខ្លាំងបំផុតសម្រាប់ប្រទេសអង់គ្លេសភាគខាងត្បូង និងកណ្តាល និងផ្នែកខ្លះនៃប្រទេសវែលដែលជាប់នឹងអង់គ្លេស។ សីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងឡើងដល់៣៦អង្សា។
លីគបាល់ទាត់អង់គ្លេសក៏នឹងមានការសម្រាករយៈពេលខ្លីដើម្បីឲ្យកីឡាករទទួលទានទឹក ឬភេសជ្ជៈនៅពាក់កណ្តាលតង់នីមួយៗផងដែរ ស្របតាមគោលការណ៍បច្ចុប្បន្នរបស់ខ្លួន នៅពេលដែលសីតុណ្ហភាពនៅទីលានប្រកួតគឺ៣០អង្សា ឬខ្ពស់ជាងនេះ។
ការសម្រាកនេះត្រូវបានណែនាំជាលើកដំបូងដោយសមាគមកីឡាបាល់ទាត់ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 នៅពេលដែលរដូវកាល២០១៩–២០២០បានបន្តនៅពាក់កណ្តាលខែមិថុនា។ សីតុណ្ហភាពបានកើនឡើងលើសពី៣០អង្សារួចហើយនៅក្នុងផ្នែកខ្លះនៃចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ។
គ្រូបង្វឹកក្រុម Leicester City លោក Brendan Rodgers បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “កំដៅនឹងតែងតែមានឥទ្ធិពលលើភាពខ្លាំងនៃការប្រកួត ហើយសារៈសំខាន់នៃការរក្សាបាល់គឺធំជាង។ក្នុងរយៈពេល៩០នាទី វាមានផលប៉ះពាល់ ប៉ុន្តែអ្នកត្រូវតែដោះស្រាយជាមួយនឹងស្ថានភាពទាំងនេះនៅពេលពួកគេកើតឡើង“ ។
ការសម្រាកត្រូវបានគេហៅនៅក្នុងការប្រកួត Premier League កាលពីថ្ងៃអាទិត្យរវាងក្រុម West Ham និង Manchester City ខណៈដែលការប្រកួតពេលល្ងាចក្នុងពានរង្វាន់ League Cup ជុំទីមួយនៅដើមសប្តាហ៍នេះរួមទាំងជំនួបរវាងក្រុម Coventry នឹងក្រុម Bristol City ក៏មានលក្ខណៈពិសេសនៃការសម្រាកទទួលទានទឹកដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)