ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញផ្សព្វផ្សាយផែនការណែនាំស្តីពី ការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្រ្តឆ្នាំ២០២២ ដល់នាយ-ពលទាហាន អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ មេបញ្ជាការរងកងពលបានបញ្ជាក់ថា ក្នុងតួនាទីភារកិច្ចជាកងទ័ព បន្តអនុវត្តនូវវិន័យសណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំ ទាំងនៅក្នុងអង្គភាព និងនៅខាងក្រៅអង្គភាពដែលកំពុងបំពេញបេសកកម្មចូលរួមទប់ស្កាត់ជំងឺកូវីត១៩ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្រៅពីនោះគ្រប់បណ្តាអង្គភាពចំណុះវរសេនាតូចទាំងអស់ ត្រូវគ្រប់គ្រងប្រមូលកម្លាំងជាស្រេច ត្រៀមដោះស្រាយថាយហេតុ ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ និងបន្តអនាម័យជាប្រចាំការពារការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងជំងឺអុតស្វា ពិសេសបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំ៕
ដោយ៖សហការី