ខេត្តតាកែវ ៖ មន្ត្រីជលផលខេត្តតាកែវម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងបានបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយពេញទំហឹងក្នុងទិសដៅស្របគ្នាបណ្តាលឱ្យភាគីខាងគោយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។
តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់បានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ។ ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំ របួសធ្ងន់ ទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។
លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបង្កហេតុបើកបរក្នុងទិសដៅស្របគ្នាពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងជាភាគីអ្នកបើកបររថយន្តស្រវឹងស្រាខ្លាំងពេកទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់និងរបួសគួរសង្វេគតែម្តងទៅ។
បច្ចុប្បន្នវត្ថុតាងរថយន្តនិងគោយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបុរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រជាពលរដ្ឋជាច្រើនបានរិះគន់យ៉ាងធ្ងន់ៗទៅលើលោក ហេង ប៊ុនលាប ហៅ ប៉ៃលិន ដែលជាមន្ត្រីជលផលដែលតែងតែបង្កព្យុះភ្លៀងលើប្រជាពលរដ្ឋអ្នកនេសាទរកត្រីហូបចុកជាលក្ខណៈគ្រួសារយ៉ាងចាស់ដៃមិនដែលចេះយោគយល់នោះទេ។ ពលរដ្ឋទាំងនោះនិយាយថា “កម្មពៀរមានពិត ដូចទំនាយប្រជាពលរដ្ឋដែលរងគ្រោះដោយស្នាដៃ លោកប៉ៃលិន”។
ប្រជាពលរដ្ឋរង់ចាំមើលថា ករណីលោកហេង ប៊ុនលាប បើករថយន្តបុកមនុស្សស្លាប់និងរបួសទាំងប្ដីប្រពន្ធនេះតើគាត់មានទោសដែរឬទេ? តើច្បាប់អាចចាប់ជនបង្កហេតុយកមកផ្ដន្ទាទោសបានដែរឬទេ?៕
ដោយ៖ សូរិយា