ព័ត៌មានទាន់ហេតុការណ៍៖

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដឹកនាំកម្លាំងចុះបង្ក្រាបរថយន្តដឹកឈើចំនួន៣គ្រឿងក្នុងនោះរថយន្តដែលចោរចូលលួចនៅសង្កាត់ព្រៃឈើរវៀងត្រូវបានចាប់យកមកវិញ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ពាក្យចាស់លោកពោលថា កុកអាចភ្លេចជុង តែជុងមិនអាចភ្លេចកុកនោះឡើយ រឿងពិតក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយលោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំង ផ្នែករដ្ឋបាលព្រៃឈើរវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀង នឹង កម្លាំងអាវុធហត្ថខេត្ត ស្រុក កម្លាំងនគរបាលឃុំ រុះរាន់ ចុះបង្ក្រាបរថយន្តដឹកឈើចំនួន ៣ គ្រឿង ។

ក្នុងនោះរថយន្តដឹកឈើលេខ ២ ចំនួន ១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ចាប់នៅព្រំប្រទល់ជីអោក នឹង រថយន្តដឹកឈើលេខ ១ ចំនួន ២ គ្រឿង ទៀតម៉ាក សុីណា ១ គ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2E 0893 នឹងរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ដឹកឈើប្រភេទលេខ ១ សុក្រម ពេញឡានជារថយន្តរបស់ក្រុមមេឈ្មួញជើងខ្លាំងឈ្មោះ តុលា ចាប់បាននៅចំណុចភូមិ ទួលឈ្នួន ឃុំ រុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។

ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោង ១២និង៣៥នាទីយប់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២២ និងយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ។

លោក នួន សុខុម បានឱ្យដឹងថា នៅល្ងាយវេលាម៉ោង ៥ រថយន្តសាំយ៉ុងដឹកឈើលេខ ២ ចេញពីស្រុករវៀងយកទៅកំពង់ធំ លោកបានបញ្ជាទៅកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តប្រចាំការនៅព្រំប្រទល់ឃាត់រថយន្តដឹកឈើនេះយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង នៅយប់ដដែលនោះ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ភូមិ ឃុំខាងលើបានប្រទ៖ឃើញក្រុមរថយន្តដឹកឈើលេខមួយចំនួន ២ គ្រឿង បម្រុងដឹកចេញ។

ប៉ុន្តែត្រូវបានកម្លាំងយើងស្ទាក់ចាប់បានចំណែក តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

លោក នួន សុខុម បានបន្តឱ្យដឹងថា កម្លាំរដ្ឋបាលព្រៃឈើព្រះវិហារ បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការ ការពារទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងការទប់ស្កាត់នឹងដកហូតបាន ការរុករានកាន់កាប់ដីព្រៃមកទុកជាសម្បត្តិរដ្ឋវិញផងដែរ ។

លោក នួន សុខុម បានសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសបងប្អូនអ្នកសារព័ត៌មានចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នឹងបង្ក្រាបឱ្យមានប្រសិទ្ឋភាព។ ពិតណាស់ ការការពារធនធានធម្មជាតិ តម្រូវឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន បើពឹងផ្អែកតែលើជំនាញមិនគ្រប់គ្រាន់ទេ ។

លោក នួន សុខុម បញ្ជាក់ថា ករណីបង្ក្រាបរថយន្តដឹកឈើខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវរកមុខសញ្ញាដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ។

ចំណែកវត្ថុតាង មានរថយន្តចំនួន ៣ គ្រឿង រួមទាំងឈើមួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ 

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖