ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់នៅថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ ថា,  យោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ ជ្រលង  សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

  លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀងសារជាថ្មី មានជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖