ខេត្តកំពង់ធំ ៖ ក្រោមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ទើបលោកអធិការនគរបាលស្រុកកំពង់ស្វាយ កែ កញ្ចនា និងក្រុមការងារ បានចុះសួរសុខទុក្ខ និងផ្ដល់សម្ភារៈដល់គ្រួសារដែលមានជីវភាពខ្វះខាតទីទ័លក្រ រកព្រឹកខ្វះល្ងាច ដោយរស់នៅក្នុងខ្ទមកំសត់មានសមាជិករហូតដល់០៧នាក់ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។
លោកអធិការនគរបាលស្រុកកំពង់ស្វាយ បានឃើញភាពលំបាកចំពោះគ្រួសារ០១នេះ អាចជួបនូវបញ្ហាកង្វះនូវធនធាន មិនអាចទប់ទល់នឹងការរស់នៅក្នុងក្រុមគ្រួសារបាន។ អាស្រ័យហេតុនេះហើយបានជា លោកវរសេនីយ៍ទោ កែ កញ្ចនា បានចូលរួមឧបត្ថម្ភជាសម្ភារៈមួយចំនួនដល់គ្រួសារដែលមានជីវភាពខ្វះខាត ប្តីឈ្មោះ ឡូយ វណ្ណា អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះថើយ ឌុំ អាយុ២៩ឆ្នាំ មានកូន០៣នាក់ និងឪពុកម្ដាយចាស់ជរារស់នៅលើផ្ទះដ៏ទ្រុឌទ្រោម ជញ្ជាំងធ្លុះមុខធ្លុះក្រោយ ពេលមេឃភ្លៀងម្ដងៗ ពុំមានកន្លែងច្រកត្រឹមត្រូវនោះទេ ដោយសារដំបូលធ្លុះធ្លាយ ព្រមទាំងខ្វះអាហារសម្រាប់ហូបចុក ពុំមានលទ្ធភាពផ្គត់ផ្គង់។
ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតបានថ្លែងអំណរគុណដល់លោកវរសេនីយ៍ទោ កែ កញ្ចនា និងក្រុមការងារសូមមានសុខភាពល្អប្រកបកិច្ចការងារ ទទួលបានជោគជ័យព្រមទាំងពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលលោកលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការផ្ដល់ជូនមានដូចជា ៖ បានផ្តល់ស័ង្កសីបាំងជញ្ជាំង និងប្រក់ដំបូល អង្ករ៥០គីឡូក្រាម និងថវិកាមួយចំនួនទៀតផងដែរ ៕
ដោយ ៖ មុន្នី