ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលព្រមាន ចាត់វិធានការ តឹងរ៉ឹងបំផុត ចំពោះគ្លីនិកឯកជន ដែលចេញមកដឹក អ្នករបួសតាមដងផ្លូវ ទៅព្យាបាល ក្នុងគ្លីនិក របស់ខ្លួន ដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ជាក់ស្តែងពេលមានគ្រោះថ្នាក់ សុំអោយឡានពេទ្យរដ្ឋ ឬពេទ្យដែលមានច្បាប់ ចេញមកដឹក អ្នករងរបួស ឲ្យបានសកម្ម .ពេលនេះ. ក្រសួងសុខាភិបាលព្រមាន ចាត់វិធានការ តឹងរ៉ឹងបំផុត ចំពោះគ្លីនិកឯកជន ដែលចេញមកដឹក អ្នករបួសតាមដងផ្លូវ ទៅព្យាបាល ក្នុងគ្លីនិក របស់ខ្លួន ដោយខុសច្បាប់ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបមក លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីការពង្រឹង និងចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួង សុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិន មានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬ សាកសពនៅតាមដងផ្លូវ។

 ក្រសួងសុខាភិបាលសូមជម្រាបជូន លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជ្រាបថា រយៈកាលកន្លងមកក្រសួងសុខាភិបាលបានធ្វើសារាចរណែនាំជាច្រើនលើក ច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឱ្យគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករង របួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។ ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញ មានគ្លីនិកឯកជនមួយចំនួន… មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើ សកម្មភាពយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមក ព្យាបាលនៅក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀតដែលពុំមានឈ្មោះគ្លីនិកទៅដឹកអ្នកគ្រោះថ្នាក់ ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ រហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជា កត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្ត គិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើ ចរាចរនៅតាមដងផ្លូវ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោកអភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជនដែលបានយករថយន្តគិលាន សង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួង សុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល តាមការគួរ។

សូមលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាទទួលនូវការរាប់អានអំពីខ្ញុំ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖