ភ្នំពេញ ៖ រថយន្តម៉ាក HINO ដឹកផ្លែស្វាយមួយគ្រឿងបើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរម្នាក់ធ្វើដំណើរក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តTOYOTA HILUX VIGO ពីចំហៀងពេញទំហឹងបណ្ដាលឱ្យខ្ទាតឡើងលើសួនពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលអ្នកបើកបររថយន្តVIGO គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុប 24ម៉ោងតាមបណ្តោយផ្លូវហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA HILUX VIGO ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2V-5686ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកHINO ដឹកផ្លែស្វាយ ក្បាលពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំPP-2393បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយពីជើងទៅត្បូង ក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តVIGOពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យខ្ទាតឡើងទៅលើសួនពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់រថយន្តVIGO រងរបួសស្រាល។ចំណែកអ្នកបើកបររថយន្តHINO ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប្រចាំការនៅចំណុចកន្លែងកើតហេតុខាងលើបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកមកដាក់អែបនឹងចិញ្ចើមផ្លូវ។ លុះបន្តិចក្រោយមកមានតំណាងភាគីទាំងសងខាងបានចុះមកដល់កន្លែងកើតហេតុ និងសុំធ្វើការសម្របសម្រួលគ្នា។ ក្រោយពីបានធ្វើការសម្របសម្រួលរួចមកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងរថយន្តHINOបានចេញថ្លៃសំណងជួសជុលរថយន្តVIGO ឱ្យស្អាតឡើងវិញដើម្បីចញ្ចប់រឿង៕
ដោយ ៖ ភារ៉ា ដង្កោ