ព័ត៌មានទាន់ហេតុការណ៍៖

កសិករស្រុកមង្គលបុរីត្អូញត្អែរតម្លៃស្រូវនៅរដូវប្រមូលផលពេលនេះចុះថោក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យហាក់មិនសប្បាយចិត្តនៅពេលដែលផលស្រូវរបស់ពួក គាត់ដែលផលិតបាននោះលក់មិនសូវបានថ្លៃពោលគឺតែស្រេចលើពួកឈ្មួញ។ កសិករនិយាយថា តម្លៃស្រូវផឹកនៅលើបបូរមាត់ពួកឈ្មួញហើយបើមិនលក់កសិករគ្មានអ្វីដោះស្រាយប្រាក់បំណុលធនាគារយកមកទិញថ្នាំទិញជីនោះឡើយ។

កសិករនៅស្រុកមង្គលបុរីនិយាយថា តម្លៃស្រូវត្រូវបានឈ្មួញកណ្តាលទិញតំលៃបញ្ចុះរាល់ថ្ងៃតាមតែមាត់ថា។ ប្រជាកសិករសុំឲ្យ ក្រសួងជំនាញដូចជាស្ថាប័នពាក់ព័ន្ធកំណត់តំលៃឲ្យបានច្បាស់ ពោលគឺកុំឱ្យដូចសព្វថ្ងៃពីព្រោះតម្លៃស្រូវសព្វថ្ងៃនេះឋិតនៅលើបបូរមាត់ឈ្មួញជនអ្នកកំណត់។ ប្រជាកសិករលំបាកណាស់ទំរាំផលិតបានស្រូវ ។ នៅពេលដែលផលិតបានហើយលក់មិន បានថ្លៃទៀតនោះគឺគ្មានអ្វីសងធនាគារទេ។

ប្រជាកសិករស្រុកមង្គលបូរីបានប្រាប់ថា នៅខែសីហាឆ្នាំ២០២២នេះប្រជាកសិករកំពុងប្រមូលផលស្រូវ មិនប្រកាន់រដូវ លើកទី២ ដែលមានស្រូវសែនក្រអូប,ស្រូវអ៊ីអ៊ា និងស្រូវស្រង៉ែ ដែលជាប្រភេទស្រូវស្រាលដាំរយៈ ពេលជាង៣ខែទទួលផល ហើយក៏ជាប្រភេទស្រូវដែលប្រជាកសិករពេញនិយមដាំ នៅខេត្តបន្ទាយមានជ័យ។

ប្រជាកសិករបានបញ្ជាក់ថា ក្រោយពេលដែលប្រមូលផលស្រូវច្រើនរហូតពេលនេះតំលៃស្រូវ ត្រូវឈ្មួញ កណ្តាលទិញបញ្ចុះតំលៃ,ដូចជាស្រូវសែន ក្រអូប១ តោនតំលៃ៩០០០បាត និងស្រូវអ៊ីអ៊ា១តោនតំលៃ ៦ ៥០០បាត,ស្រូវស្រង៉ែ១តោនតំលៃ៨ ៨០០បាត បើប្រៀបធៀបប្រមូលផលដំបូងៗស្រូវសែនក្រអូប ក្នុង ១តោនតំលៃ១០ ៥០០បាត និងស្រូវអ៊ីអ៊ា១តោនតំលៃ៧ ៧០០បាត ស្រូវស្រង៉ែ១តោនតំលៃ១០ ០០០បាត។

ប្រជាកសិករសំណូមពរដល់ក្រសួងជំនាញមេត្តាជួយសម្រួលទីផ្សារស្រូវក្នុងស្រុកឲ្យបានតំលៃសមរម្យនិងមិនឡើងចុះតាមតែមាត់ឈ្មួញថា ដែលប្រការនេះធ្វើឲ្យប្រជាកសិករបាក់ទឹកចិត្តក្នុងការបង្កបង្កើនផលស្រូវហើយសុំឲ្យកំណត់តំលៃស្រូវឲ្យបានច្បាស់លាស់ មិនត្រូវឡើងចុះដូចទឹកជំនន់នោះទេ។ ទោះជាប្រេងសាំង និងម៉ាស៊ូតត្រូវស្រុតតំលៃតែជីថ្នាំកសិកម្មតំលៃនៅ តែឡើងខ្ពស់មិនទាន់ចុះ នៅឡើយ ទើបប្រជាកសិករសុំឲ្យតំលៃស្រូវសមរម ។

ចំណែកឈ្មួញកណ្តាលវិញបានឲ្យដឹងថា  ពួកខ្លួនទិញស្រូវពីប្រជាពលរដ្ឋនេះ គឺឡើងចុះទៅតាមហាងឆេងរបស់រោងម៉ាស៊ីន ព្រោះខ្លួនទិញពីប្រជាពលរដ្ឋដល់ កន្លែងច្រូតនេះ គឺយកចំណេញក្បាលកាក់បន្តិចបន្តួចប៉ុណ្ណោះ ព្រោះត្រូវកាត់ថ្លៃប្រេងសាំងក្នុងការដឹកជញ្ជូន និងថ្លៃកម្មករ។ បើសិនជារោងម៉ាស៊ីនឡើងថ្លៃ ពួកខ្លួនក៏ទិញឡើងដែរ តែបើរោងម៉ាស៊ីនបញ្ចុះតម្លៃ ឈ្មួញកណ្តាលក៏ត្រូវបញ្ចុះ តម្លៃតាមដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖