ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជនពិការ នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី២០៦អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នង ផ្ទះទី២០៦ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈលោកទេស រដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅភូមិ វាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ 

     ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ៖ លោកពលបាលឯក គង់ សារិទ្ធ អាយុ៥៣ឆ្នាំ បានចូលបម្រើ ក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៨៥នៅអង្គភាពកងពលធំលេខ៤ចាស់ ហើយបានត្រូវរបួសពិការនៅក្នុងសមរភូមិភ្នំវែង ខេត្ត ប៉ៃលិន នៅឆ្នាំ១៩៩៣ ។ លោក គង់ សារិទ្ធ ជាបុរសពោះម៉ាយ និងមានកូននៅក្នុងបន្ទុកចំនួន៣នាក់ ។ ដោយជីវភាព លំបាកខ្វះខាត ទើបលោកគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះសមរម្យនៅលើដីដែលខ្លួនមាន។ ដោយឃើញពីការ លំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មី ខ្នងទី២០៦ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន  សែន  និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែនតាមរយៈលោកទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ជាផ្ទះទាម នៅផ្ទាល់ដី ចាក់សាប ឆ្អឹងដែក ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី តាមសំណូមពររបស់គាត់ ដើម្បីងាយស្រួលក្នុងការឡើង ចុះ និងប្រកបរបររកទទួលទានដោយរត់ម៉ូតូឌុប និងប៉ះកង់គួបផ្សំនឹងប្រាក់បៀវត្សរ៍ប្រចាំខែរបស់គាត់ ដើម្បីចិញ្ចឹមជិវិត   ។

   នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំងអស់ សូមរួមគ្នាចូលរួម អនុវត្ត ន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ដើម្បីភាពសុខដុម រមនារបស់យើងទាំងអស់គ្នា ជាមួយនេះផងដែរ ត្រូវចេះអនាម័យជុំវិញផ្ទះនិងពិសារទឹកស្អាត ឬទឹកឆ្អិន ដើម្បីសុខភាពល្អ រួមទាំងការបន្តការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី ៤ និងដូសទី៥ឲ្យបានគ្រប់ៗគ្នា   

     ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី.ទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខចំនួន ០១យួរនិងថវិកាមួយចំនួនផងដែរ ។

       អាជ្ញាធរដែនដីប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បាន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត ៕

ដោយ៖ មុន្នី


ចែករំលែក៖