ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីបើកសិក្ខាសាលាស្តីអំពី “សុខភាពនគរបាល” នៅសាលប្រជុំធំ រៀបចំដោយអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈិនស៊ីម អនុប្រធានសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ជា ណារ៉េត ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ។
ចំពោះភាពសុខភាព របស់កងកម្លាំងនគរបាល ជារួមមានសុខភាពល្អប្រសើរ ដែលអាស្រ័យដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាខ្សែបណ្ដោយ របស់អង្គភាពយើងផ្ទាល់ ដែលសម្តេចតែងតែយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះបញ្ហាសុខភាព របស់កងកម្លាំងនគរបាលជាតិ នៅគ្រប់ទីកន្លែង ។
នៅក្នុង ឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក្រើនរំលឹកឲ្យមន្ត្រី ក្រោមឱវាទទាំងអស់ យកចិត្តទុកដាក់អំពីបញ្ហាសុខភាពរបស់ខ្លួន ឧស្សាហាត់ប្រាណ លេងកីឡា ហូបអាហារសុខភាព និងជាពិសេស ឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ នូវខ្លឹមសារមេរៀន កត់ត្រា ដើម្បីជាចំណេះសំរាប់ខ្លួនឯង ក្រុមគ្រួសារ និងចែករំលែក មិត្តរួមការងារ នៅក្នុងអង្គភាព ក៏ដូចជាអ្នកនៅជុំវិញខ្លួនយើង ឲ្យយល់ដឹងបន្តស្តីអំពីសុខភាព ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំរើការងារជូនអង្គភាពកន្លងមក ចំពោះការិយាល័យនគរបាលសុខាភិបាល ជាពិសេសក្នុងអំឡុងពេល ជំងឺកូវីដ-១៩ (COVID-19) កំពុងរាតត្បាត ។
ក្នុងពិធីបើកសិក្ខាសាលាខាងលើ មានការចូលរួមពី ប្រតិភូអម លោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកអធិកានគរបាលក្រុង-ស្រុកទាំង៧ លោកអធិការរង ទទួលផែនសេនាធិការ និងសិក្ខាកាម សរុបចំនួន ១៦០នាក់ ៕
ដោយ៖ អ្នកប្រម៉ាញ់