ខេត្តសៀមរាប ៖ ភូមិ២ទៀតនៅក្នុងស្រុកបន្ទាយស្រីត្រូវបានបំពាក់អំពូលសូឡានៅតាមផ្ទះជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ។ នេះជាការថ្លែងរបស់ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
លោកបន្តថា, ខានធ្វើបច្ចុប្បន្នភាពពីយុទ្ធនាការ«ផ្ទះ១អំពូល១»យូរដែរហើយ រហូតមកដល់ពេលនេះ អំពូលសូឡាជាង៦០០០អំពូលត្រូវបានដាក់ពង្រាយ និងប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ ក្នុងនោះ ទីប្រជុំសំខាន់ៗ និងភូមិដ្ឋានដែលសម្បូណ៌ទៅដោយអ្នកទេសចរឆ្លងកាត់ សុទ្ធតែត្រូវបានបំពាក់ជូនរួចរាល់ទាំងស្រុង។ អំពូលសូឡាទាំងអស់នេះទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរជនជាហូរហែ តបតាមការអំពាវនាវរបស់រដ្ឋបាលស្រុក ដោយក្នុងនោះប្រជាពលរដ្ឋផ្ទាល់ដែលជាម្ចាស់ផ្ទះនីមួយៗទទួលរ៉ាប់រងចំណាយបដិភាគលើថ្លៃដងជើងទម្រអំពូល។
លោកអភិបាលស្រុកបានបន្ត, សូមបញ្ជាក់ថា អំពូលសូឡាជិត៨០០អំពូលនៅក្នុងភូមិទាំង២នេះ(ភូមិកំព្រហ្ម ៥០០គ្រឿង និងភូមិរំចេក ៣០០គ្រឿង) គឺជាការឧបត្ថម្ភទាំងស្រុងរបស់ លោក លឹម ហុង អគ្គនាយកក្រុមហ៊ុន ហុង ម៉េងជូ។ ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី និងជួសមុខឱ្យអ្នកភូមិទាំង៨០០គ្រួសារ ខ្ញុំសូមសម្តែងនូវការដឹងគុណ និងកោតសសើរដ៏ស្មោះអស់ពីចិត្ត ចំពោះសណ្តានចិត្តរបស់ លោក លឹម ហុង ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ជីវភាពរបស់សហគមន៍នៅតាមមូលដ្ឋាន ៕
ដោយ ៖ សិលា