ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ នៅ សាលាធម្មសភាវត្តបុទុមវតីរាជវរារាម  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទីវង្គត ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក។ 

នៅចំពោះព្រះភក្រព្រះបរមរូប និងព្រះអដ្ឋិធាតុ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តដោយសេចក្តីសោកសង្រេកយ៉ាងពន់ពេក ចំពោះការយាងចូលទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។ សូមបញ្ជាក់ថា ក្នុងសារលិខិតរំលែកព្រះមរណទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បង្គំទូលថ្វាយអ្នកម្នាង យិន នរោត្តម យុវនាថ ចុះថ្ងៃ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានទូលថ្វាយយ៉ាងដូច្នេះថា ខណៈនេះ រូបសម្តេច និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។ 

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ រូបសម្តេច និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយអ្នកម្នាង រួមទាំងបុត្រាបុត្រី ប្រកបដោយអនិច្ចលក្ខណធម៌សង្វេក សោកស្តាយ ស្រណោះអាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បងព្រះស្វាមី ប្រកបដោយសង្គហធម៌ និងការបាត់បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការបាត់បង់អង្គព្រះរាជវង្ស ទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ មួយអង្គដ៏ល្អឆ្នើមបំផុតផងដែរ។ ជាមួយគ្នានេះ រូបសម្តេច និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖