ខេត្តប៉ៃលិន ៖ ក្រោយពេលទទួលបានដីកា របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិនក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋប្រមាណជាង២០នាក់ ក្នុងចំណោមជាង១០០គ្រួសាររស់នៅចំណុចសំបុកចាប ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានលើកគ្នាទៅសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តប៉ៃលិន កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅមុខសាលាខេត្ត។
ប្រភពព័ត៌មានពីតំណាងប្រជាពលរដ្ឋបានរៀបរាប់ឱ្យដឹងថា ៖ ក្រោយពីបានឃើញដីកាដែលគេយកទៅប្រគល់ជូនពួកគាត់ដល់មុខផ្ទះ ធ្វើឱ្យម្នាក់ៗ ស្រឡាំងកាំង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព ដោយសរសេរថា ក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យ ប្រើតាមព្រះរាជក្រឹត្យលេខ នស/រក០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ជាសំណុំរឿងព្រហ្មទណ្ឌលេខ៧៥ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន។
លិខិតបញ្ជាក់ថា ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៤៦ ព,ស/២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដែលសម្រេចចោទប្រកាន់លើពួកគាត់ និងបក្ខពួក២៤នាក់ពីបទ ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីអំឡុងឆ្នាំ២០១០ រហូតមកដល់អំឡុងឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៥៣ នៃច្បាប់ភូមិបាល។
ក្នុងដីកាបង្គាប់មកឈ្មោះ កែ សុវណ្ណ ភេទប្រុស មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យចូលទៅកាន់សាលាដំបូងខេត្តប៉ៃលិននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩និង៣០នាទីព្រឹក នៅបន្ទប់ស៊ើបសួរ “ក”។ ដើម្បីសួរយកចម្លើយពីដំណើររឿងពាក់ព័ន្ធនឹងសំណុំរឿងខាងលើ សាមីខ្លួនត្រូវយកឯកសារដែលពាក់ព័ន្ធទៅជាមួយផងប្រសិនបើមាន។
ក្នុងករណីរឹងទទឹងមិនចូលខ្លួនតាមការកំណត់ខាងលើនេះទេ ឬរត់គេចខ្លួន ខាងតុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួនតែម្តង។
ពួកគាត់បញ្ជាក់ថា÷ ប្រជាពលរដ្ឋរស់នៅអាស្រ័យផល លើដីក្នុងភូមិខាងលើនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយអាជ្ញាធរមូលដ្ឋានតែងតែសន្យាធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ តែមិនទទួលបានផលនោះទេ លុះរហូតមកដល់ពេលនេះ ស្រាប់តែទទួលបានដីកាកោះហៅឱ្យចូលខ្លួន ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ជាពិសេសដេកមិនលក់ បក់មិនល្ហើយឡើយ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ចេញមកសម្របសម្រួល ដោយស្រង់យកឈ្មោះរបស់ពួកគាត់ខាងលើទៅជូនលោកស្រីអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ស សារ៉េត