ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនីស្សាន់ដឹកទឹកកកលើសចំណុះបណ្ដាលឱ្យដាច់កង់ម្ខាងក្រឡាប់ចាក់ទឹកកកចោលពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តនីស្សាន់មួយគ្រឿងដឹកទឹកកកលើសចំណុះបណ្ដាលឱ្យដាច់កង់ម្ខាងក្រឡាប់ផ្ងារជើងមួយចំហៀងចាក់ទឹកកកចោលពេញផ្លូវ តែសំណាងដែរដែលមិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះ។      

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នៅចំណុចខាងកើតហាងម៉ាស្សាម៉ៃដាប្រហែល២០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៃដា ហៅផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកNISSAN DIESEL ចំណុះពីរតោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-0086 បើកបរដោយបុរសម្នាក់ ដឹកទឹកកកពេញរថយន្ត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែដឹកលើសទម្ងន់ធ្វើឱ្យដាច់កង់ខាងក្រោយចំហៀងខាងស្តាំ បណ្ដាលឱ្យក្រឡាប់ចាក់ទឹកកក ចោលលើផ្លូវតែម្ដង តែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានពិនិត្យមើលមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋឬទ្រព្យសម្បត្តិអ្នកដទៃក៏ឱ្យអ្នកបើករថយន្តបង្កហេតុហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖