ខេត្តកំពង់ធំ ៖ ដោយមានការយកចិត្តទុកដាក់ និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាឲ្យលោកអធិការនគរបាលស្រុកកំពង់ស្វាយ កែ កញ្ចនា និងក្រុមការងារ បានចុះទៅជួយជួសជុលផ្ទះថ្មីជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតទីទ័លក្រ រកព្រឹកខ្វះល្ងាច ដោយរស់នៅក្នុងខ្ទមកំសត់មានសមាជិករហូតដល់០៧នាក់ រស់នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ កែ កញ្ចនា បានដឹកនាំកងកម្លាំងអធិការនគរបាលស្រុកកំពង់ស្វាយ ជួយជួសជុលផ្ទះជូនគ្រួសារទីទ័លក្រដែលជញ្ជាំងធ្លុះធ្លាយ និងដំបូលប្រក់មេឃបានរួចរាល់ជាស្ថាពរ មានទីលំនៅសមរម្យឡើងវិញហើយ។ ទឹកចិត្តសប្បុរសចេះជួយគ្នាក្នុងគ្រាលំបាកព្រមទាំងចូលរួមឧបត្ថម្ភជាសម្ភារៈមួយចំនួនដល់គ្រួសារដែលមានជីវភាពខ្វះខាត ប្តីឈ្មោះ ឡូយ វណ្ណា អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះ ថើយ ឌុំ អាយុ២៩ឆ្នាំ មានកូន០៣នាក់ និងឪពុកម្ដាយចាស់ជរារស់នៅលើផ្ទះដ៏ទ្រុឌទ្រោម ជញ្ជាំងធ្លុះមុខធ្លុះក្រោយ ពេលមេឃភ្លៀងម្ដងៗ ពុំមានកន្លែងច្រកត្រឹមត្រូវនោះទេ ដោយសារដំបូលធ្លុះធ្លាយ ព្រមទាំងខ្វះអាហារសម្រាប់ហូបចុក ពុំមានលទ្ធភាពផ្គត់ផ្គង់ ឥឡូវបានផ្ទះរស់នៅសមរម្យដូចគេដូចឯង។
ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតបានថ្លែងអំណរគុណដល់លោកវរសេនីយ៍ទោ កែ កញ្ចនា និងក្រុមការងារសូមមានសុខភាពល្អប្រកបកិច្ចការងារ ទទួលបានជោគជ័យព្រមទាំងពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការផ្ដល់ជូនមានដូចជា÷បានផ្តល់ស័ង្កសីបាំងជញ្ជាំង និងប្រក់ដំបូល បានជួយជួសជុលដល់ពួកគាត់បានទាន់ពេលវេលា កុំឱ្យលំបាកពេលភ្លៀងម្ដងៗ ដឹងទៅជ្រកនៅកន្លែងណា ៕
ដោយ៖ កែវ មុន្នី