ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុករថយន្តដឹកឈើសិប្បកម្មរងរបួសធ្ងន់ចំណែកតៃកុងរថយន្តត្រូវឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បុរស ២នាក់ជិះម៉ូតូទៅបុករថយន្តដឹកឈើ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការខេត្តដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែក ១៦ មករា មិនដឹងថារស់ឬស្លាប់នោះទេ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង ៣ និង ៤០ នាទីរសៀល នៅចំណុចមុខវិមានជ័យជំនះ ស្ថិតក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា តៃកុងរថយន្តមានឈ្មោះ ម៉ាប់ សុីឈ្នួលបើករថយន្តដឹកឈើគ្រឿងសិប្បកម្មឱ្យឈ្មោះ ពៅ ហៅ លក រថយន្តម៉ាកធុនត្រាពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN5730 ដឹកគ្រឿងសង្ហារឹមពេញ មកពីស្រុកឆែប ចំណែកម៉ូតូម៉ាកវ៉េវ ពាក់ផ្លាកលេខ ពណ៌ខ្មៅ ស្លាកលេខ ព្រះវិហារ 1D.0359 ជិះឌុបគ្នា ២នាក់ ពីទិសខាងកើតទៅលិច មកបុករថយន្តចំកង់ខាងឆ្វេងផ្នែកខាងមុខបណ្តាលឱ្យកំពិតបែកចង្កៀង ។

តាមប្រភពអ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា រថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បួង មកដល់ចំណុចកើតហេតុមុខវិមានជ័យជំនះ បានពើបនឹងម៉ូតូបើកពីកើតទៅលិចឌុបគ្នា ២ នាក់មកបុករថយន្តចំ ចំហៀងផ្នែកខាងមុខពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំង ២ នាក់ ។

សមត្ថកិច្ចជំនាញថា ករណីនេះមូលហេតុកើតចេញពីការបើកបរល្បឿនលឿននឹងធ្វេសប្រហែស ។

ករណីនេះសមត្ថកិច្ចនគរបាលជំនាញកំពុងបន្តនីតិវិធី ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖