ខេត្តបន្ទាយមានជ័យ៖ «ជម្រាបសួរលោកពូ អ្នកមីង ជាទីគោរព! ខ្ញុំបាទឈ្មោះ លឹម វណ្ណារិទ្ធ មានអាយុ១៤ឆ្នាំហើយ ដោយសារខ្ញុំមានចំណង់ចំណូលចិត្តតាំងពីក្មេងបានជំរុញឱ្យខ្ញុំធ្វើបែបនេះ»។
សូមបញ្ជាក់ថា នេះជាការថ្លែងឱ្យដឹងពីកុមារាកម្ពុជាម្នាក់ដែលរស់នៅក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលបានទាញចំណាប់អារម្មណ៍ពីមហាជនឱ្យងាកមើលនូវគំនិតច្នៃប្រឌិតរបស់ខ្លួន ដោយប្រើប្រាស់របស់របរដែលគេបោះបង់ចោលយកទៅច្នៃជារបស់លេងដូចជា ម៉ាស៊ីនច្រូតស្រូវខ្នាតតូច បញ្ជាដោយតេឡេ (Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា ឡាន និងត្រាក់ទ័រជាដើម។
កុមារា លឹម សុវណ្ណារិទ្ធ បានឱ្យដឹងថា៖ «សម្ភារនេះខ្ញុំផ្សំពីរបស់ដែលគេបោះចោល និងសម្ភារអេតចាយ ដូចជាកំប៉ុង ទុយយោ សំបកកេស បំពង់ប៊ឺត ចានស្នោ ជាដើម»។
ពិតជាមានមោទនភាពណាស់ ! កុមារា លឹម សុវណ្ណារិទ្ធ បានបង្ហាញពីការបញ្ជាម៉ាស៊ីនច្រូតស្រូវដែលខ្លួនផលិតបានដោយចំណាយពេលប្រមាណ១សប្ដាហ៍ និងចំណាយលុយអស់ប្រមាណ៤ម៉ឺនរៀល។
កុមារាលឹម សុវណ្ណរិទ្ធ ជាសិស្សទើបតែរៀនថ្នាក់ទី៨ ហើយគេមានបំណងប្រាថ្នាចង់ក្លាយជាអ្នកកែច្នៃ ឬជាអ្នករចនាគំរូប្លង់មួយរូបផងដែរ។
នេះចាត់ទុកថាជាភាពឆ្លាតវៃរបស់កុមារកម្ពុជាដែលបានចំណាយពេលវេលាច្នៃប្រឌិតធ្វើជាឧបករណ៍ផ្សេងៗ ដែលជារបស់សំណល់ត្រូវបានគេបោះចោល។ ទោះជាកុមារា លឹម សុវណ្ណរិទ្ធ មិនទាន់ក្លាយជាអ្នកផលិតរបស់ចាត់ទុកថាប្រើប្រាស់បានយ៉ាងណាក៏ដោយ ប៉ុន្តែអ្វីដែលគេមានមហិច្ឆតានិងសមត្ថភាពក្នុងការកែច្នៃរបស់ទាំងនេះបានហើយ ទទួលបានការចាប់អារម្មណ៍ពីអ្នកជិតខាង ក៏ដូចជាប្រជាពលរដ្ឋ មន្ត្រីរាជការផងដែរ៕
ដោយ ៖ សិលា