ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព ត្រូវបានដាក់ឆ្លងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វា ស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងគ្រប់កម្រិត អង្គការដៃគូ អង្គការតំណាងជនមានពិការភាព ជនមានពិការភាព និងអ្នកពាក់ព័ន្ធសរុបចំនួន ៨០នាក់។

ក្នុងរបាយការណ៍សង្ខេបរបស់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញថា ដោយផ្អែកតាមបរិបទ ការវិវឌ្ឍន៍ស្ថានភាពសង្គមសេដ្ឋកិច្ច និងនិន្នាការកម្រិតជាតិ តំបន់ និងសកលលោក និងដើម្បីឱ្យកាន់តែមានអនុលោមភាពពេញលេញជាមួយនឹងអនុ សញ្ញាស្តីពីសិទ្ធិជនពិការ លើចំណុចមួយចំនួនដូចជា៖ ការកំណត់លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការ បង្កើតយន្តការអនុវត្ត ការផ្តល់និយមន័យជនមានពិការភាព ការប្រើប្រាស់ភាសានិងពាក្យពេចន៍ ការរៀបចំផាសុកវត្ថុ ការទទួលបានសេវាយុត្តិធម៌ សិទ្ធិសេរីភាព ការទទួលបានព័ត៌មាន ឱកាសការងារ មុខរបរ ជំនួយសង្គម ការរើសអើង  និងការអប់រំជាដើម ។ល។ 

លោករដ្ឋលេខាធិការក៏បានបង្ហាញជូនអង្គប្រជុំផងដែរថា សេចក្តីព្រាងច្បាប់នេះមានឈ្មោះថា “ច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព”។ ច្បាប់នេះចែកចេញជា១០ជំពូក និង៧៥មាត្រា ដោយគ្របដណ្តប់លើការកំណត់ពិការភាព ការគ្រប់គ្រងវិស័យ កំណត់កាតព្វកិច្ចរបស់រដ្ឋ ការផ្តល់និងទទួលសេវា ការអនុវត្តសិទ្ធិសេរីភាព និងវិធានការណ៍ផ្សេងៗ៕

ដោយ៖ សូរិយា


ចែករំលែក៖