ភ្នំពេញ ៖ ជនជាតិចិន២នាក់រួមដំណើរជាមួយគ្នាបើករថយន្តមួយគ្រឿងម៉ាក Toyota Prius យ៉ាងលឿននិងបំពានភ្លើងស្តុបក្រហម ជ្រុលទៅបុករថយន្ត Toyota Tundra កំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១៖៣៥នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម កែងផ្លូវ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះ គេឃើញរថយន្តម៉ាក Toyota Tundra ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BI-5386 បើកបរដោយបុរសម្នាក់ និងមានប្រុសស្រី៣នាក់ទៀតរួមដំណើរជាមួយ តាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចស្តុបត្រង់កន្លែងកើតហេតុ ភ្លើងលោតសញ្ញាពណ៌ខៀវ ទើបតៃកុងបន្តដំណើរឆ្លងស្តុប ។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BJ-1519 បើកបរដោយបុរសជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវ២៩៤ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន រួចក៏បុករថយន្ត Tundra ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាក Prius ខូចខាតពីមុខ ឯរថយន្តម៉ាក Tundra ខូចខាតចំហៀងខាងឆ្វេង យ៉ាងខ្លាំងដូចគ្នា ។ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយកម្លាំងជំនាញចរាចរណ៍ មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ