ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ បានថ្លែងថា៖ ក្នុងរយៈពេលជិត៤ខែ ចាប់តាំងពីខែមេសា ឆ្នាំ២០២២ កម្ពុជា មិនមានករណីស្លាប់នោះឡើយ នេះសបញ្ជាក់ថាតាមរយៈការចាក់វ៉ាក់សាំងដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ ចូលរួមកាត់ផ្តាច់ការឆ្លងរាលដាល ជាពិសេសបញ្ចៀសបាននូវការឈឺចាប់ធ្ងន់ និងការបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំងដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ ចូលរួមកាត់ផ្តាច់ការឆ្លងរាលដាល និងជាពិសេសបញ្ចៀសបានការឈឺធ្ងន់ និងការបាត់បង់ជីវិត ជាក់ស្តែងកម្ពុជា មិនមានករណីស្លាប់ដោយសារនោះឡើយ ក្នុងរយៈពេលជិត ៤ខែចុងក្រោយ រាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២២ កន្លងមកនេះ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ជាពិសេសកុមារដែលជាទំពាំងស្នងឫស្សី និងជាអនាគតនៃប្រទេសជាតិ កម្ពុជាអាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ។
សម្តេចតេជោ បានថ្លែងបន្ថែមថា បើទោះបីជារលកថ្មីនៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ ក៏កម្ពុជាអាចបើកដំណើរការរបស់ប្រទេសឡើងវិញលើគ្រប់វិស័យ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងអាចរក្សាប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្តារ និងជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ទោះជាយ៉ាងនេះក្តី ជំងឺកូវីដ១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ។ ក្នុងន័យនេះកម្ពុជា ក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនគ្រប់រូប និងកុមារ ដែលមានអាយុពី ៣ឆ្នាំឡើង ដែលនឹងបន្តដើរតួនាទីស្នូល ក្នុងការផ្តល់ការការពារដ៏រឹងមាំ និងមានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និងមិនឈប់ឈរនៃជំងឺកូវីដ១៩៕
ដោយ៖ស តារា