ភ្នំពេញ៖ ចំណងស្នេហារវាង តារាចម្រៀង នាយចឺម នឹងអ្នកមេម៉ាយកូនមួយសាច់ខ្ចីដូចបណ្តូលចេក សេង សុឃីម ត្រូវបានគេទម្លាយថាបានដល់ទីបញ្ចប់ហើយកាលពីពេលថ្មីៗនេះ ហើយរឿងនេះទើបនឹងលេចឮដំណឹងមិនបានប៉ុន្មានផងស្រាប់តែមុននេះនាយចឺមបង្ហាញមុខដៃគូថ្មីបាត់។
ទាំងទស្សនិកជន ទាំងអ្នកនៅក្នុងចង្កោមសិល្បៈពិតជាធ្លាប់បានដឹងអំពីរឿងរ៉ាវស្នេហាក្រៅឆាករបស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ នាយចឺម ថាតារាចម្រៀងរូបនេះនិយមផ្លាស់ប្តូរស្នេហាជាតារាសម្តែងស្រីសិចស៊ីស្រស់សោភាជាច្រើនបន្តបន្ទាប់ ហើយចុងក្រោយគឺតារាប្រុសរូបនេះបានប្រកាសអំពីចំណងស្នេហ៍ជាមួយនឹងអ្នកមេម៉ាយកូនមួយសេង សុឃីម រហូតបង្កើតឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្ររូបលោក។ ប៉ុន្តែដំណឹងស្នេហ៍មួយនេះចាប់កំណើតមិនបានមួយឆ្នាំផងស្រាប់តែថ្មីៗនេះលេចចេញដំណឹងថាចំណងស្នេហាពួកគេបានដើរដល់ផ្លូវទាល់ហើយ។ ស្របពេលនឹងដំណឹងស្នេហាចែកផ្លូវគ្នាដើរនេះដែរស្រាប់តែនាយចឺមបានបង្ហាញមុខនារីម្នាក់ដែលខ្លួនអះអាងថាជាដៃគូថ្មី ដោយលោកបានលើកឡើងថា «ដៃគូថ្មី បទថ្មីមួយបទចាស់មួយ»។ ដំណឹងនេះបានបង្កើតចេញជាមតិចម្រុះជាច្រើនជុំវិញការបញ្ចេញរូបថតកៀកកើយនឹងនារីម្នាក់ខាងលើ រហូតអ្នកខ្លះបញ្ចេញមតិរិះគន់ថាជារឿងមិនល្អដែលត្រូវផ្លាស់ប្តូរពីនារីម្នាក់ទៅនារីម្នាក់ ដែលអាចនឹងអស់តម្លៃ។
នារីម្នាក់បានលើកឡើងថា ធ្វើជាមនុស្សប្រុសកុំសាវ៉ាពេកអី ចុងក្រោយជួបមនុស្សស្រីសន្តានមិនល្អ បានមនុស្សស្រីល្អនៅជិតខ្លួនហើយមិនចេះថែ។ ក៏នៅមានការបញ្ចេញយោបល់ជាច្រើនទៀតជុំវិញការបង្ហាញដៃគូថ្មីរបស់នាយចឺម ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេថាតើនារីម្នាក់នោះត្រឹមជាដៃគូសម្តែង ឬក៏ជាគូស្នេហ៍ដែរ។
គួរបញ្ជាក់ដែរថា មានឈ្មោះពិត សុខ មេសា មកពីភូមិមហាឫស្សី ស្រុកគងពិសីខេត្តកំពង់ស្ពឺ។ នាយចឺមចាប់ផ្តើមល្បីឈ្មោះនឹងរឿងរ៉ាវផ្លាស់ប្តូរស្នេហាជាមួយនឹងតារាសម្តែងស្រីមួយចំនួនជាបន្តបន្ទាប់ ហើយក៏ធ្លាប់ជួបរឿងអាស្រូវត្រូវគេវាយព្រោះទាក់ទងសង្សារគេដែរ។ គេរង់ចាំការបញ្ជាក់បន្ថែមពីនាយចឺម និងតារាសម្តែងស្រីជំនាន់ថ្មីខាងលើថាពួកគេត្រូវជាអ្វីនឹងគ្នា៕
ដោយ ៖ វឌ្ឍនា