ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី គ្រីស្ទីណា អាហ្គីឡា៖​ ទទួលស្គាល់ពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងមានទំនុកចិត្តថា នឹងទាក់ទាញក្រុមហ៊ុនអេស្ប៉ាញបន្ថែមទៀត ឱ្យ​ចូលមកវិនិយោគនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ លោកស្រី គ្រីស្ទីណា អាហ្គីឡា ភារៈធារីស្ដីទី នៃស្ថានទូតអេស្ប៉ាញប្រចាំកម្ពុជា ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ​ នៅវិមានសន្តិភាព​ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ដោយ​មានការអញ្ជើញចូលរួម ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងទទួលស្គាល់ពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងមានទំនុកចិត្ដថា នឹងទាក់ទាញក្រុមហ៊ុនអេស្ប៉ាញបន្ថែមទៀត ឱ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកស្រី គ្រីស្ទីណា អាហ្គីឡា​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងទទួលស្គាល់ពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងមានទំនុកចិត្តថា កំណែទម្រង់សេដ្ឋកិច្ចដែលអនុវត្ត ដោយរាជរដ្ឋាភិបាលកម្ពុជា រួមនឹងភាពធូរស្រាល នៃការ រាតត្បាត ជាសកលនៃជំងឺកូដ-១៥ នឹងទាក់ទាញក្រុមហ៊ុនអេស្ប៉ាញបន្ថែមទៀត ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនិងរួមចំណែកដល់ការសម្រេចបាន កំណើនរយៈវែងរបស់កម្ពុជាផងដែរ»។

លោកស្រី គ្រីស្ទីណា អាហ្គីឡា បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយយើងចាំបាច់ត្រូវការ កិច្ចសហការគ្នាជាងពេលណាៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង សំដៅកសាងត្រឡប់មកវិញ ឲ្យកាន់តែប្រសើរ។​ 

បន្ថែមពីនេះ​ តាំងនាមឱ្យប្រទេសអេស្ប៉ាញ់ លោកស្រី​ ក៏សូមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងវេទិកាអង្គការសហប្រជាជាតិ និងតួនាទីជាប្រធានីអាស៊ាន និងសូមជូនពរដ៏ស្មោះស្ម័គ្រ ឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងគ្រប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឲ្យតំបន់នេះ ក្លាយជាទីកន្លែងមួយប្រកបដោយ៏សន្តិភាព និងរិបុលភាពសម្រាប់ទាំងអស់គ្នា។

លោកស្រី គ្រីស្ទីណា អាហ្គីឡា ក៏បានបន្ថែមទៀតថា ប្រទេសអេស្ប៉ាញ បានតាមដានដោយយកចិត្តទុកដាក់ពីការអភិវឌ្ឍ និងសមិទ្ធផល ដែលសម្រេចបាននៅក្នុងប្រទេស ដ៏ឧត្តមរបស់សម្តេចតេជោ។

លោកស្រីបានលើកឡើងថា ប្រទេសអេស្ប៉ាញក្នុងនាមជាសមាជិករបស់សហភាពអឺរ៉ុប និងជាផ្នែកមួយនៃក្រុមអឺរ៉ុប សម្រាប់ការឆ្លើយតប រួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ មានទឹកប្រាក់ចំនួន ៤៤៣ លានអឺរ៉ូ ដែលក្នុងនោះ រួមមានការវិភាជន៍ថវិកាថ្មី ថវិកាកំពុងអនុវត្តក្នុងគំរោង នឺងថវិការតំរង់ទិសថ្មី ដោយផ្ដោតលើអាទិភាពសំខាន់ ចាំបាច់ចំនួន៣៖ 

១៖ ការគាំទ្រផ្នែកសុខាភិបាល 

២៖ ការរួមចំណែកដល់ការឧបត្ថម្ភគាំទ្រចំពោះប្រជាពលរដ្ឋ ជីវភាពរស់នៅ នឹងការងារ 

និង៣៖ គាំទ្រដល់ការស្ដារសេដ្ឋកិច្ច និងការបង្កើតការងារ។

ជាមួយគ្នានោះ​ លោកស្រី គ្រីស្ទីណា អាហ្គីឡា​ បានបន្ថែមទៀតថា ក្រុមអឺរ៉ុបកំពុងរួមចំណែក ក្នុងការពង្រឹងផ្នែកសំខាន់ៗនៃវិស័យសេដ្ឋកិច្ច និងបានចូលរួមក្នុងការវិនិយោគទុនសាធារណៈ សម្រា់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធិភាពថាមពលនឹងកាំរស្ដារឡើងវិញ ប្រកបដោយភាពបៃតង។​ 

លោកស្រី​ គ្រីស្ទីណា អាហ្គីឡា​ បានសង្កត់ធ្ងន់ថា ប្រទេសអេស្ប៉ាញ មានក្រុមហ៊ុននាំមុខក្នុងពិភពលោកជាច្រើន នៅក្នុងវិស័យទាំងនេះ (ទឹកស្អាត នឹងអនាម័យ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង) ដែលអាចផ្តល់ជាជំនាញឯកទេស និងចំណេះធ្វើរបស់ពួកគេបាន៕

ដោយ​៖ស​ តារា​


ចែករំលែក៖