ខេត្តកណ្ដាល៖ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បុគ្គលិកកាស៊ីណូផ្នែកអនឡាញចំនួន៥០ទៅ៦០នាក់ បាននាំគ្នាសម្រុករត់ចេញក្រៅពីបរិវេណកាស៊ីណូ រួចហែលទឹកឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួច នឹងមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានបញ្ជាឲ្យផ្នែកជំនាញចុះពិនិត្យមើលជាបន្ទាន់។លទ្ធផល៖ ក្រោយការចុះពិនិត្យស្រាវជ្រាវ នៅទីតាំងខាងលេី គឺពិតជាមានបុគ្គលិក(ជនជាតិវៀតណាម) របស់កាស៊ីណូ ផ្នែកអនឡាញប្រមាណ៥០-៦០នាក់ បានសម្រុករត់ចេញពីបរិវេណកាស៊ីណូតៃភីងយ៉ាង ហើយបានហែលទឹកឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ប្រាកដមែន ។
ប្រភពបានឲ្យដឹងថា ករណីខាងលើនេះ គឺអាចបណ្ដាលមកពីហិង្សារវាងថៅកែកាស៊ីណូមកលើបុគ្គលិក ទើបបុគ្គលិករត់ចេញ ករណីមួយទៀតអះអាងថា មកពីបុគ្គលិកទាំងនោះលេងល្បែងអនឡាញចាញ់ ជំពាក់ក្រុមហ៊ុន ហើយក្រុមហ៊ុនបង្ខាំងបុគ្គលិកទាំងអស់នោះទុក ។
បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឲ្យស្នងការរងការងារព្រហ្មទណ្ឌនិងអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលវរការពារព្រំដែន ,ប៉ុស្តិ៍ការពារព្រំដែន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ ចុះពិនិត្យស្រាវជ្រាវករណីខាងលើនេះ ថាតើមកពីមូលហេតុអ្វីឲ្យប្រាកដទើបបានជា បុគ្គលិកខាងលើនាំគ្នាសម្រុករត់ចេញយ៉ាងដូច្នេះ ។
សុំបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានផ្តល់អាជ្ញាប័ណ្ណបើកល្បែងស៊ីសងអនឡាញឲ្យទៅក្រុមហ៊ុនណាមួយនោះទេ តែផ្ទុយមកវិញបែជាក្រុមហ៊ុនកាស៊ីណូតៃភីងយ៉ាងបើកល្បែងស៊ីសងអនឡាញខុសច្បាប់នេះទៅវិញ ដោយជ្រកក្រោមច្បាប់កាស៊ីណូ៕
ដោយ៖ស្អាង ជ័យ