ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរលែងពេញនិយមហើយនៅក្នុងប្រទេសជប៉ុន រដ្ឋាភិបាលជំរុញឱ្យយុវវ័យទទួលទានស្រាឱ្យបានច្រើន

ចែករំលែក៖

ស្រាបៀរជាប្រភពចំណូលយ៉ាងសំខាន់មួយនៅក្នុងប្រទេសជប៉ុន ដោយប្រាក់ពន្ធបានមកពីលក់ស្រាបៀរនៅជប៉ុនស្មើនឹង៥%នៃប្រាក់ចំណូលជាតិនៅក្នុងឆ្នាំ១៩៨០ ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១១ប្រាក់ពន្ធបានមកពីស្រាបៀរបានថយចុះនៅសល់តែ៣%ប៉ុណ្ណោះ ហើយនៅឆ្នាំ២០២០ បានថយចុះសល់តែ១,៧%ប៉ុណ្ណោះ។ ទាំងនោះគឺដោយសារតែការលែងនិយមទទួលទាន ស្រាបៀរ។
នៅពេលនេះរដ្ឋាភិបាលជប៉ុន បានបើកយុទ្ធនាការទូទាំងប្រទេសដើម្បីជំរុញឱ្យពលរដ្ឋផឹកស្រាឱ្យបានច្រើនជាងនេះ ក្នុងពេលដែលយុវវ័យក្នុងប្រទេសជប៉ុនព្រងើយកន្តើយចំពោះភេសជ្ជៈមានជាតិអាល់កុល។
នាយកដ្ឋានពន្ធដារជប៉ុន(NTA)បានបើកការប្រកួត “Sake Viva!” ដើម្បីជំរុញដល់ពលរដ្ឋដែលមានអាយុចាប់ពី ២០-៣៩ឆ្នាំ បញ្ចេញផែនការ យុទ្ធសាស្ត្រជួយឱ្យភេសជ្ជៈមានជាតិអាល់កុលពេញនិយមនៅក្នុងប្រទេសនេះឡើងវិញ។
សារព័ត៌មាន Guardian បានផ្សាយថា ប្រភេទភេសជ្ជៈមានជាតិអាល់កុលលែងត្រូវការ លែងពេញនិយមនៅក្នុងប្រទេសជប៉ុន ដោយសារតែការផ្លាស់ប្តូរទម្លាប់រស់នៅរបស់យុវវ័យក្នុងដំណាក់កាលនៃការឆ្លងរាលដាលកូវីដ-១៩ ។ ការប្រកួតប្រជែងត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី៩ខែកញ្ញា ដើម្បីអំពាវនាវឱ្យមានផលិតផល និងការកែច្នៃថ្មី ក៏ដូចជាការផ្សព្វផ្សាយភេសជ្ជៈមានជាតិអាល់កុល។
តាមការលើកឡើងរបស់ នាយកដ្ឋានពន្ធដារជប៉ុន(NTA) កម្រិតនៃការប្រើប្រាស់ជាតិស្រវឹងនៅក្នុងប្រទេសជប៉ុនបានថយចុះពី ១០០លីត្រសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំក្នុងឆ្នាំ១៩៩៥ នៅសល់តែ ៧៥លីត្រប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ ហើយរយៈពេល ២ឆ្នាំចុងក្រោយនេះបន្តថយចុះថែមទៀត។ ការថយចុះនៃចំនួនប្រើប្រាស់ស្រាបៀរ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលជាតិរបស់ជប៉ុន។ កន្លងមក ក្នុងមួយឆ្នាំៗ ជប៉ុនទទួលបានប្រាក់ចំណូលពីវិស័យស្រាបៀរ ដល់ទៅ៣៥០ពាន់លានដុល្លារអាមេរិក ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Nikkei Asia)


ចែករំលែក៖