ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមបញ្ជូនខ្លួនយុវជន​ជេីងខ្លាំង២នាក់​ ជំនាញ​វាយកម្ទេច​ម៉ូតូ​ រួច​ដុតបំផ្លាញ​ថែមទៀត​ ទៅសាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង​

ចែករំលែក៖

 

ខេត្ត​ស្ទឹងត្រែង ៖​ យុវជន​ជេីងខ្លាំងចំនួន​ ២នាក់​ ដែលជា​ក្មេងទំនើង​ជំនាញ​ខាងវាយកម្ទេច​ម៉ូតូ​ របស់​ប្រជាពលរដ្ឋ​រួច​ដុតបំផ្លាញ​ថែមទៀត​ ទៅសាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​ត្រែង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី១៦ ខែសីហាថ្មីៗនេះ​ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវបង្រ្កាបករណីក្មេងទំនើង ធ្វើឲ្យខូចខាតដោយចេតនា ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖​ ១-ឈ្មោះ ប៉ែវ វាចា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង, និង២-ឈ្មោះ ប៉េ វិន័យ ភេទ ប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ 

ប្រភពដដែលបន្តថា​ ក្រុម​ក្មេង​ទំនើង​ខាងលេីនេះ​ បានធ្វើសកម្មភាព វាយកម្ទេច​ ម៉ូតូ ចំនួន ០១គ្រឿង និងដុតម៉ូតូ ចំនួន ០៣គ្រឿង របស់ជនរងគ្រោះ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ​ថ្មីៗ​នេះ​ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកបក្សពួកជនបង្កដែលរត់គេចខ្លួន និងនៅព្រឹកថ្ងៃទី១៨​ ខែសីហា​នេះ​ បានកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖