ខេត្តកំពង់ចាម ៖ ដោយអនុវត្តទៅតាមផែនយុទ្ធសាស្រ្តដាក់ឲ្យអនុវត្តរបស់ស្នងការដ្ឋាននគរបាលខេត្ត និងក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានជំរុញដល់កម្លាំងនៅតាមបណ្តាប៉ុស្តិ៍ត្រូវ ខិតខំប្រឹងប្រែងបំពេញភារកិច្ចមុខងារ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យល្អប្រសើរ និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក្រោមរូបភាពនៃការល្បាតចល័ត ការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជូននូវសេវាសាធារណៈ និងសេវារដ្ឋបាល ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត សំបុត្របញ្ជាក់មរណៈភាព ដល់ពួកគាត់តាមខ្នងផ្ទះ សំដៅធ្វើយ៉ាងណាបង្កភាពងាយស្រួលជូនពួកគាត់ ដើម្បីសង្គម និងការអភិវឌ្ឍន៍ ប្រកប ដោយភាពរុងរឿង ។
ឆ្លៀតក្នុងឱកាសនេះផងដែរ សមត្ថកិច្ចយើង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ចូលរួមថែរក្សាការពារទ្រព្យសម្បត្តិរបស់ខ្លួន មុនចេញពីផ្ទះត្រូវពិនិត្យឲ្យគ្រប់ ជ្រុងជ្រោយ បិតភ្លើង ចាក់សោរផ្ទះឲ្យបានត្រឹមត្រូវ កុំបីធ្វេស ប្រហែសឲ្យសោះ ៕
ដោយ៖អ្នកប្រម៉ាញ់