តាមប្រភពព័ត៌មានពីមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា អ៊ុយក្រែនគឺជាភាគីដែលនៅពីក្រោយការផ្ទុះ៣លើកក្នុងអាកាសយានដ្ឋានយោធារបស់រុស្ស៊ី ក្នុងតំបន់គ្រីមៀកាលពីសប្តាហ៍កន្លងមក។
តាមរបាយការណ៍របស់រដ្ឋាភិបាលអ៊ុយក្រែនដែលបានចែកចាយផ្ទៃក្នុង ហើយត្រូវបានមន្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះប្រាប់សារព័ត៌មាន CNN ថា អ៊ុយក្រែនគឺជាអ្នកនៅពីក្រោយការផ្ទុះ៣លើកនៃកន្លែងផ្សេងគ្នា នៅទីតាំងយោធារបស់រុស្ស៊ីក្នុងតំបន់គ្រីមៀ ក្នុងនោះមានទីតាំងទាហានអាកាសSaki ។
តាមការប្រកាស ការផ្ទុះនៅទីតាំងយោធារបស់រុស្ស៊ីបានបង្កការខាតបង់យ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីនៅតំបន់គ្រីមៀ ក្នុងនោះមានឃ្លាំងគ្រាប់ជាដើម។
ការផ្ទុះនៅថ្ងៃទី៩ខែសីហា នៅទីតាំងទាហានអាកាស Saki បានបំផ្លាញយន្តហោះចម្បាំង៧គ្រឿងរបស់រុស្ស៊ី និងសម្លាប់មនុស្សម្នាក់ ។ ការផ្ទុះខាងលើត្រូវបានភាគីរុស្ស៊ីចាត់ទុកថាជាការចៃដន្យ ។ ចំណែកភាគីអ៊ុយក្រែនមិនមានប្រតិកម្មអ្វីជុំវិញការផ្ទុះនោះឡើយ។
នៅថ្ងៃទី១៦ខែសីហា មានករណីផ្ទុះនៅឃ្លាំងគ្រាប់ ស្ថិតនៅក្នុងភូមិ Maiske បំផ្លាញគ្រាប់រំសេវអស់ជាច្រើន ៕ ដោយ៖ធីរីណា
រូបថត ៖ AP/CNN