ភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែនេះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងបើទោះបីជាពិភពលោកកំពុងញាំញីដោយសារវិបត្តិជំងឺកូវីដ១៩និងសេវាដឹកជញ្ជូនឡើងថ្លៃក៏ដោយ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់៤៧.៣ ភាគរយ ដែលប្រការនេះគឺជាមោទនភាពមួយ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសហអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ ២០២២នេះ សម្រេច បានប្រមាណ៥ពាន់លានដុល្លារ កើនឡើងចំនួន ៤៧ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នាំ២០២១ ដែលមានប្រមាណ ៣ពាន់លានដុល្លារ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានសង្កត់ធ្ងន់បន្ថែមទៀតថា ទីផ្សារអាម៉េរិក នៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ដែលតំណាង ប្រមាណ ៤១ភាគនៃតម្លៃនាំចេញសរុប ១៣ ៧៦៩លានដុល្លារ ក្នុងរយៈពេលចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០២២នេះ។ តាមតួលេខនេះរំពឹងថា នៅ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយទៀតនេះការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិចនឹងបន្តកើនឡើង។
របាយការណ៍ បានបង្ហាញថា ការនាំចេញមុខទំនិញកម្ពុជាទៅអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានក្នុង ទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន ៤៧.៣ភាគរយ ចំពោះការនាំចូលពី អាម៉េរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។
មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់, ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ,បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញមានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម។
ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១ ៣២៦លានដុល្លារ, ប្រទេសចិន មានចំនួន ៧០១លានដុល្លារ, ប្រទេសកាណាដា មានចំនួន ៦៩០លានដុល្លារ, ប្រទេសជប៉ុន មានចំនួន ៦៦៧លានដុល្លារ និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាម៉េរិក មានកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ៧ ៤៩០លានដុល្លារអាម៉េរិក ខណៈអាម៉េរិក នាំចូលមកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ៕
ដោយ៖ សូរិយា