ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមកពីគណបក្សនយោបាយផ្សេងគ្នា ត្រូវតែខិតខំរួមសាមគ្គី សហការធ្វើការងារជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវរើសអើង បែងចែកពណ៌សម្បុរឬនិន្នាការនយោបាយនោះឡើយ។
ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀងនៅក្នុងឱកាសដែល អញ្ជើញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៅស្រុករមាសហែកនិងស្រុករំដួល ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២២នៅសាលប្រជុំសាលាស្រុករមាសហែក។
សិក្ខាសាលានេះមានការចូលរួមពីលោកហែមស៊ីណានាយករងរដ្ឋបាលសាលាខេត្តលោកស៊ូម៉ុល អភិបាលស្រុករមាសហែកលោកអភិបាលស្រុករំដួលនិង សមាជិក ក្រុមប្រឹក្សាឃុំ ដែលជាប់ឆ្នោតថ្មីជាច្រើនរូបផងដែរ។
លោកក៏ បានថ្លែងកោតសរសើរដល់លោក លោកស្រីដែលជាសមាជិកក្រុមប្រឹក្សាឃុំ នៅស្រុករមាសហែកនិងស្រុករំដួល ដែលទើបជាប់ឆ្នោតថ្មី និងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួល ដល់ការងារនៅរដ្ឋបាលឃុំ សង្កាត់ឲ្យកាន់តែល្អប្រសើរថែមទៀត។
លោកបន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះដែលរៀបចំដោយសាលារដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្ត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លោក លោកស្រី ជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបនឹងជាប់ថ្មី ក្នុងអាណត្តិទី ៥នេះ ដូច្នេះសូមស្នើរដល់លោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការអនុវត្តន៍ការងារនៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួននាទី ភារៈកិច្ច ឲ្យបានល្អប្រសើរផងដែរ។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ ២០២២ខេត្តស្វាយរៀង ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីមានចំនួន១៩៦នាក់ស្រី៤៨ នាក់ក្នុងចំណោមក្រុមប្រឹក្សាឃុំ សង្កាត់ ៥១៨នាក់ ស្រី១៣៤នាក់។
បន្ទាប់មក លោក រស់ផារិទ្ធអភិបាលរងខេត្តស្វាយរៀងនិងក្រុមការងារបានបន្តចុះត្រួតពិនិត្យ និងជំរុញការរៀបចំយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំមួយចំនួននៅស្រុករមាសហែក និងស្រុករំដួលផងដែរ ៕
ដោយ៖ សុថាន