ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង៖ ណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដីនិងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក លោកស្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ព្រមទាំងលោក លោកស្រី​ តំណាងក្រសួងស្ថាប័ននានា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកស្រី​ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុប៨ម៉ឺន ៨ពាន់ ៩៣២គ្រឿង ក្នុងនោះទោចក្រយានយន្តនិងត្រីចក្រយានយន្តជាង៧ម៉ឺនគ្រឿង ស្មើនឹង៧៩ភាគរយ និងបទល្មើសប្រើទូរសព្ទមាន១ភាគរយ ល្មើសសញ្ញាចរាចរណ៍៤ភាគរយ ល្មើសគ្មានស្លាកលេខ១ភាគរយ និងល្មើសមិនពាក់មួកសុវត្ថិភាពរហូតដល់ទៅ៩៤ភាគរយ។

លោកស្រី​រដ្ឋលេខាធិការបន្តថា រថយន្តដែលបានត្រួតពិនិត្យក្នុងរយៈពេល៦ខែចំនួន១ម៉ឺន៨ពាន់៦៤៤គ្រឿងវិញ រួមមានរថយន្តធុនធ្ងន់ជាង២ពាន់គ្រឿង ល្បឿន៣០ភាគរយ ល្មើសសញ្ញាចរាចរណ៍១១ភាគរយ ល្មើសប្រើទូរសព្ទ១០ភាគរយ ល្មើសគ្មានបណ្ណបើកបរ៤ភាគរយ ល្មើសគ្មានស្លាកលេខ៤ភាគរយ ល្មើសដឹកលើសចំណុះ២ភាគរយ ស្រវឹង១ភាគរយ គ្មានឆៀក១ភាគរយ គ្មានបណ្ណអាជីវកម្ម១ភាគរយ និងល្មើសមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៣៦ភាគរយ។ បើគិតជាទឹកប្រាក់សរុបនៃការផាកពិន័យវិញ មានចំនួន៧ពាន់៥៦០លាន ២៦៥ពាន់រៀល។

លោកស្រី​ បន្តថាក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប១ពាន់៦០៩លើក ក្នុងនោះកើតឡើងពេលយប់មានដល់ទៅ៥៧ភាគរយ និងក្នុងចំណោមជនរងគ្រោះសរុប មានស្លាប់៩៤២នាក់ស្មើនឹង៣០ភាគរយនៃជនរងគ្រោះ អ្នករងរបួសសរុបមានជាង២ពាន់២០០នាក់ ក្នុងនោះរបួសធ្ងន់ជាង១ពាន់នាក់ ខណៈមូលហេតុនៃគ្រោះថ្នាក់រួមមានល្មើសល្បឿន៣៨ភាគរយ បើកបរមិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ ជែង១១ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់១១ភាគរយ ស្រវឹង៣ភាគរយ យានយន្ត២ភាគរយ និងងងុយគេង១ភាគរយ។

 ជាការកត់សម្គាល់ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២នាក់នោះ មានអ្នកជិះម៉ូតូ៨១ភាគរយ ស្មើនឹង៧៥៩នាក់ ខណៈអ្នកមិនពាក់មួកសុវត្ថិភាពវិញមាន៥៥៨នាក់ស្មើនឹង៧៤ភាគរយ។ លោកស្រី​ បានឱ្យដឹងថា​ គ្រោះថ្នាក់ដែលបានកើតឡើងភាគច្រើននោះ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ខណៈក្នុងឆមាសទី១ឆ្នាំ២០២២ បើធៀបនឹង១ឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៣៤៨លើកស្មើ២៨ភាគរយ អ្នកស្លាប់កើន២៣៣នាក់ ស្មើ៣៣ភាគរយ និងរបួសកើន៤៤៣នាក់ស្មើ២៥ភាគរយ។

បន្ទាប់ពីសម្ដេចក្រឡាហោម និងអង្គពិធីបានស្ដាប់ការធ្វើរបាយការណ៍ស្ដីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២២រួចមក តំណាងបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ប.ស បានបន្តធ្វើបទអន្តរាគមន៍អំពីសុវត្ថិភាពរថយន្តដឹកកម្មករនយោជិក និងស្ដាប់ការធ្វើបទបង្ហាញអំពីមូលហេតុនៃគ្រោះថ្នាក់ និងការថ្លែងប្ដេជ្ញាចិត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មុននិងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឡើងថ្លែងចំណាប់អារម្មណ៍។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩លើក ស្លាប់៥នាក់ និងរបួស១០នាក់។ សម្ដេចបន្តថាស្ថានភាពនេះ ដោយសារតែកំណើននៃការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលដែលកម្មភាពសេដ្ឋកិច្ច និងសង្គមមានដំណើរការឡើងវិញកាន់តែច្រើន។

សម្ដេចបានបន្តថាបើប្រៀបធៀបស្ថានភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភាពចរាចរណ៍ជាសកលឃើញថារយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ចំនួន៤ពាន់៧២០នាក់ ស្មើ៦៤ភាគរយនៃចំនួនអ្នកស្លាប់តាមការព្យាការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នេះថានៅតែជាបញ្ហាប្រឈមទាមទារការយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាហេតុការគ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែដើមឆ្នាំ២០២២នេះ បានតម្រូវឱ្យមានការត្រួតពិនិត្យឡើងវិញនូវចំណុចអវិជ្ជមានទាំងឡាយ ដើម្បីដកពិសោធយកមកដោះស្រាយបញ្ហាប្រឈម ក្នុងនោះដូចជាមូលហេតុនៃគ្រោះថ្នាក់ដោយសារការបើកបរលើសល្បឿនកំណត់ និងការមិនពាក់មួកសុវត្ថិភាពជាដើម។ សម្ដេចបន្ថែមថា«យើងប្រមូលផ្ដុំបញ្ហាដើម្បីឈានទៅដោះស្រាយឱ្យចំបញ្ហានោះ។ យើងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋទូទៅវាជាការចាំបាច់ហើយ ប៉ុន្តែយោបល់ខ្ញុំ គឺថាអ្នកដែលពាក់ព័ន្ធផ្ទាល់តែម្ដង ត្រូវត្រួតពិនិត្យ អប់រំ និងអនុវត្តវិន័យ និងច្បាប់ឱ្យតឹងរឹង»។

សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្កើនការអប់រំអំពីច្បាប់និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានជ្រួតជ្រាបទូលំទូលាយ និងផ្ដោតឱ្យចំក្រុមគោលដៅ ពង្រឹងគុណភាពសាលាបង្រៀនបើកបរយានយន្តដោយពិនិត្យលើការលើកកម្ពស់សមត្ថភាពគ្រូ កំណែទម្រង់កម្មវិធីសិក្សា និងកែទម្រង់គុណភាពនៃការប្រឡងយកបណ្ណបើកបរ។ សម្ដេចក៏បានណែនាំបន្តគាំទ្រការបំពាក់ការមេរ៉ាអចល័តតាមដងផ្លូវជាតិ និងរិះរកវិធីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងទប់ស្កាត់ការដឹកជញ្ជូនលើសកម្រិតកំណត់។

ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ដែលបំពាក់នៅសាលារាជធានីភ្នំពេញ សម្ដេចក្រឡាហោម បានណែនាំឱ្យពិភាក្សានិងពិនិត្យលក្ខណៈបច្ចេកទេសដើម្បីរុះរើពីសាលារាជធានីភ្នំពេញមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានអគារថ្មីទើបសាងសង់រួច។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដីនិងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ រួមទាំងបន្តអនុវត្តម៉ឺងម៉ាត់ការទប់ស្កាត់និងបង្ក្រាបការនាំចូលរថយន្តចង្កូតស្ដាំតាមការណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

សម្ដេចក្រឡាហោមក៏បានផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការស្ថាបនាផ្លូវល្បឿនភ្នំពេញព្រះសីហនុ ក្នុងនោះសម្ដេចបានកត់សម្គាល់អំពីការរៀបចំរបាំងការពារសត្វឆ្លងផ្លូវ ដោយគួររៀបចំជាសំណាញ់ដែកជាជាងដាក់បន្លាលួស។ សម្ដេចបានបង្ហាញការកត់សម្គាល់ក្រោយពីបានធ្វើដំណើរលើផ្លូវនោះកាលពីពេលថ្មីៗ។ ដោយឡែកសម្ដេចក៏ឆ្លៀតលើកឡើងអំពីការស្នើសម្ដេចតេជោ ហ៊ុន សែន ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ដោយសារពាក់ព័ន្ធនឹងការសន្យាបញ្ចូលក្របខណ្ឌនគរបាលជាតិជាថ្នូរនឹងការផ្ដល់ប្រាក់ក្នុងម្នាក់ហោចណាស់ចំនួន២ម៉ឺនដុល្លារអាមរិក។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្ដីសង្ឃឹមមុតមាំថាផ្អែកតាមបទពិសោធការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ពុជានឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២២នេះ ក៏ដូចជារក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅកាត់បន្ថយឱ្យបាននូវអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍៕

ដោយ​៖ស​ តារា​


ចែករំលែក៖