ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅយប់ថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២ថា៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៨ សីហានេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ នៅទីស្តីការក្រសួង ។
សេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ត្រូវបានរៀបចំឡើងដោយស្របតាមការកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលបានចាត់ទុកសន្តិសុខសាយប័រជាកិច្ចការអាទិភាពគាំទ្រ ជំរុញការអភិវឌ្ឍ និងការពារហានិភ័យក្នុងវិស័យឌីជីថល។
សេចក្ដីព្រាងច្បាប់នេះកំណត់អំពីគោលការណ៍ វិធាន និងយន្តការគ្រប់គ្រង និងថែរក្សាសន្តិសុខសាយប័រនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ស្របតាមនិន្នាការតំបន់និងសកលលោក។ បន្ទាប់ពីរៀបចំអស់រយ:ពេលជាងមួយឆ្នាំនេះសម្រេចបានសេចក្ដីព្រាងបឋម ហេីយជំហ៊ានបន្តនឹងដាក់ចូលក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនិងអន្តរក្រសួង៕
ដោយ៖សហការី