ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ផ្អើលអ្នកភូមិទាំងយប់នៅសង្កាត់ស្វាយរៀង

ចែករំលែក៖

 ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេលបើកបញ្ច្រាសទិសគ្នាពេញទំហឹងក្នុងក្រុងស្វាយរៀង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៧នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៥និង១២៦  ស្ថិតក្នុងភូមិស្រះវង់  សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះមាស សុភ័ណ្ឌ អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិទទា សង្កាត់ ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-១២៤០ ខូចខាតទាំងស្រុង។

     ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ កែវ ប្រឹក្សា អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D-៧១៨៥ ។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១D-៧១៨៥ លើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចដោយមិនប្រកាន់ស្ដាំ ស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម  សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-១២៤០ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ផ្អើលអ្នកភូមិទាំងយប់។

    ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង និងបញ្ជូនអ្នករបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

    សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ 

ដោយ៖ សុថាន


ចែករំលែក៖