ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ! សមត្ថកិច្ចបានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៧៤ករណី ថយចុះ១២៤ករណី ធៀបនឹងឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោកស្រី​ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានសហការជាមួយអង្គការដៃគូ ផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព សរុបចំនួន ៥២.៨០២លើក មានអ្នកចូលរួម​២.៣១២.៧៧៣នាក់ បានកើនឡើងជាង៣០.០០០នាក់ធៀបនឹងឆ្នាំ២០២១។​ 

ការលើកឡើង​បែបនេះ​របស់លោក​ស្រី​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វេីឡេីង​នាឱកាស​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ​ នៅព្រឹក​មិញនេះ​។ 

លោកស្រី​ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា​ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៧៤ករណី ថយចុះ១២៤ករណី ធៀបនឹងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន១២នាក់ ស្មើ៤សញ្ជាតិ។ សមត្ថកិច្ច ក៏បានសង្គ្រោះជនរងគ្រោះ១៥៦នាក់ ក្នុងនោះស្រី១០៥នាក់ អាយុក្រោម១៥ឆ្នាំ៦០នាក់។

សូមជម្រាបថា​ ក្នុង៦ខែដើម ឆ្នាំ២០២២នេះដែរ សាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការលើបទល្មើសក្រោមច្បាប់ស្ដីពីការង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយជាលទ្ធផលមាន៣ដំណាក់កាល គឺដំណាក់កាលអយ្យការអមសាលាដំបូង សរុប១៩៥សំណុំរឿង មានជនត្រូវចោទ១១១នាក់, ដំណាក់កាលចៅក្រមស៊ើបសួរ មាន១៧៨សំណុំរឿង មានជនត្រូវចោទ២៥០នាក់ និងដំណាក់កាលចៅក្រមជំនុំជម្រះមាន២៨០សំណុំរឿង មានជនត្រូវចោទ៣៤៨នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖