ខេត្តពោធិ៍សាត់៖ បើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១៩ ខែសីហា ឆ្នាំ២០២២នេះថា៖ ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានដាំស្ពៃក្តោប តាមគោលការណ៍ធម្មជាតិ ក្នុងចំការតូចៗក្បែរផ្ទះ។ អ្នកស្រី ប៉េន ស៊ីថុល និងស្វាមី លោក កែវ ពក ជាសមាជិកសហគមន៍ និងបានដាំដំណាំផ្សេងៗជុំវិញផ្ទះ ក្នុងនោះមានដំណាំស្ពៃក្តោប និងស្ពៃក្រញាញ់ផងដែរ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា គ្រួសារអ្នកស្រី ប៉េន ស៊ីថុល ចាប់ផ្តើមប្រមូលផលស្ពៃក្តោបជាបណ្តើរៗ នៅក្នុងខែសីហាឆ្នាំ២០២២។ ស្ពៃក្តោបនៅក្នុងតំបន់ភ្នំទំព័រ ទទួលបានការបញ្ជាទិញពីទីផ្សារជិតឆ្ងាយ មាននៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន។ ស្ពៃក្តោបនិងបន្លែដាំតាមគោលការណ៍ធម្មជាតិ របស់សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ មានរស់ជាតិស្រួយឆ្ងាញ់ ដែលអ្នកធ្លាប់បរិភោគ បានបង្ហាញការកោតសរសើរ។
លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានឲ្យដឹងថា ការបង្កើតមុខរបរ តាមសហគមន៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្រិតមូលដ្ឋាន ថែមទាំងបានចូលរួមចំណែក យ៉ាងសំខាន់ដល់ការការពារនិងអភិរក្សធនធានធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានគាំទ្រលើកកម្ពស់ការគ្រប់គ្រង និងជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដូចជាការរៀបចំបង្កើតតំបន់ការពារធម្មជាតិ ការពង្រឹងសមត្ថភាពគណៈកម្មការនិងសមាជិកសហគមន៍ ការការពារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ឲ្យមានភាពប្រសើរឡើង ផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតសម្រាប់បរិភោគ ការផ្តល់ជាពូជសត្វចញ្ចឹម ការដាំដំណាំផ្សេងៗ ការលើកកម្ពស់ទេសចរណ៍ធម្មជាតិជាដើម ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយចីរភាព៕
ដោយ៖សហការី