អន្តរជាតិ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រយុទ្ធគ្នានៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ការថ្លែងដូច្នេះរបស់លោកអគ្គលេខាធិការគឺក្នុងអំឡុងពេលជំនួបជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Recep Tayyip Erdogan មេដឹកនាំរបស់ទួរគី នៅទីក្រុង Lviv។
ប្រមុខUN រូបនេះ បាននិយាយថា តំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែនត្រូវតែគ្មានយោធាជាបន្ទាន់។ ទីក្រុងមូស្គូ និងទីក្រុងកៀវបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការបាញ់ផ្លោងនៅបរិវេណអគាររោងចក្រនេះ។
លោកអគ្គលេខាធិការ UN បាននិយាយបន្ថែមថា កិច្ចព្រមព្រៀងនេះគឺចាំបាច់ជាបន្ទាន់ ដើម្បីចាប់ផ្តើមឡើងវិញសុវត្ថិភាពនៅរោងចក្រ Zaporizhzhia ជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ និងដើម្បីធានាបានសុវត្ថិភាពនៅតំបន់នេះ។
បេីយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា លោក Zelenskyy និងប្រមុខអង្គការសហប្រជាជាតិបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហាម្សិលមិញនេះលើការរៀបចំសម្រាប់បេសកកម្មទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មកកាន់រោងចក្រនេះ។ ប៉ុន្តែវាមិនច្បាស់ភ្លាមៗនោះទេថា តើវិមានក្រឹមឡាំងនឹងយល់ព្រមចំពោះលក្ខខណ្ឌនេះដែរឬទេនោះ។
ចំពោះការដកកងទ័ពចេញ មន្ត្រីក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីពេលមុនថា នឹងបណ្តាលឱ្យរោងចក្រនេះក្លាយជាទីតាំងងាយរងគ្រោះ។ ការព្រួយបារម្ភបានកើតមានឡើងនៅពេលដែលអាជ្ញាធររុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរៀបចំផែនការវាយប្រហារទីតាំងនេះហើយ បន្ទាប់មកបានដាក់កំហុសភាគីម្ខាងទៀត។ ការបង្កើននៃការនាំចេញគ្រាប់ធញ្ញជាតិក៏ត្រូវបានពិភាក្សាផងដែរនៅក្នុងជំនួបនេះ។
គួរជម្រាបដែរថាអង្គការសហប្រជាជាតិ និងទួរគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែនក្នុងការនាំចេញពោតចំនួន ២២លានតោន និងគ្រាប់ធញ្ញជាតិផ្សេងទៀតដែលជាប់គាំងនៅកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ចាប់តាំងពីការវាយលុករបស់រុស្ស៊ី។ ខណៈការរាំងស្ទះនេះបានធ្វើឱ្យមានការខ្វះខាតស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង ជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងការព្រួយបារម្ភពីគ្រោះទុរភិក្ស ជាពិសេសនៅទ្វីបអាហ្វ្រិក៕
ដោយ៖សហការី