ខេត្តស្វាយយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥ បានអញ្ជើញ ជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាលាពុទ្ធិកបឋមសិក្សា វត្តព្រៃអង្គញ់ ដែល មាន កម្ពស់២ជាន់ ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។
ក្នុងឱកាសនោះ ក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះវិសាលធម្មគុណ ទេព វាសនា ព្រះអនុគណក្រុង និងជាព្រះគ្រូចៅអធិការវត្តព្រៃអង្គញ់ អគ្គមហាឧបាសិកាពុទ្ធសាសឧបត្ថម្ភ មាស សាលី លោកប្រធាន អនុប្រធានការិយាល័យសង្គមកិច្ចក្រុង លោកចៅសង្កាត់ព្រៃអង្គុញ ឧបាសក ឧបាសិកា លោកគ្រូអាចារ្យគណៈកម្មការ និងលោកយាយ លោកតាចំណុះជើងវត្តផងដែរ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក ប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀងដល់លោកតាលោកយាយពុទ្ធបរិស័ទដែលបានចូលរួមនាពេលនេះ។
លោក អភិបាលក្រុងបន្តថា វត្តព្រៃអង្គុញគឺជាចំណោមវត្តក្នុងខេត្តស្វាយរៀងក៏ដូចជាវត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើការកំទេចចោលលែងឱ្យមានព្រះពុទ្ធសាសនាហើយវត្តមួយចំនួនទៀតបានក្លាយទៅជារោងចិញ្ចឹមជ្រូក ក៏ដូចជាកន្លែងដាក់អ្នកទោសជាដើមប៉ុន្តែក្រោយថ្ងៃរំដោះប្រាំពីរមករា ឆ្នាំ១៩៧៩ ក្រោមកាត់ដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាអតីតនាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រជាពលរដ្ឋមានការគោរពប្រតិបត្តិសាសនាឡើងវិញនិងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ។
លោកបន្តថា មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋមានសិទ្ធិគោរពប្រតិបត្តិទៅតាមសាសនាដែលខ្លួនពេញចិត្តជាក់ស្ដែងដូចជានៅវត្តព្រៃអង្គុញដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ តួយ៉ាងដូចថ្ងៃនេះគឺមានការបញ្ចុះបឋមសិលាសាងសង់អគារសាលាពុទ្ធិកបឋមសិក្សាសម្រាប់ផ្ដល់ចំណេះដឹងដល់សាមណៈសិស្សបានរៀនសូត្រផងដែរ។
ក្នុងឱកាសនោះ ព្រះវិសាលធម្មគុណ ទេព វាសនា ព្រះអនុគណក្រុង និងជាព្រះគ្រូចៅអធិការវត្តព្រៃអង្គញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លឹមសៀងហេង អភិបាលក្រុងបាវិត ក៏ដូចជា អគ្គមហាឧបាសិកាពុទ្ធសាសឧបត្ថម្ភ មាស សាលី ព្រមទាំងកូនចៅ ព្រមទាំងសប្បុរសជន ទាំងអស់ ដែលបានរួមចំណែកដល់ការកសាងសមិទ្ធផលជាច្រើន ដល់វត្តព្រៃអង្គុញ ដែលជាការរួមចំណែកដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យស័ក្តិសមជាសាសនារបស់រដ្ឋ និងជាទីឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។
ជាចុងបញ្ចប់ ព្រះគ្រូចៅអធិការវត្ត បានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ចូរកើតមានដល់អស់លោក លោកស្រីនិងញាតិញោមទាំងអស់ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា គម្រោងសាងសង់អាគារសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃអង្គុញមានទទឹង១១.៥ម៉ែត្រ បណ្ដោយ ៣១.៥ម៉ែត្រ កម្ពស់ពីជាន់។
ក្នុងឱកាសនោះដែរ លោក លឹម សៀងហេង អភិបាលក្រុង ក៏បានចូលរួមបច្ច័យ ក្នុងការកសាងសាលាពុទ្ធិកបឋមសិក្សា មួយចំនួនផងដែរ ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច