ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុងដឹកផ្លែឈើមួយគ្រឿងបានបើកបុករថយន្តដឹកខ្សាច់បើកឆ្លងផ្លូវបណ្ដាលឲ្យខ្ទេចមុខហើយអ្នកបើកបររថយន្តសាំយ៉ុងគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ០៩ ខែមិថុនាឆ្នាំ២០២៥នៅចំណុចផ្លូវជាតិលេខ៦អា ក្នុងភូមិក្តី ចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកសាំយ៉ុងពណ៌សពាក់ផ្លាកលេខភ្នំពេញ2AZ- 2538 មួយគ្រឿងបានបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦អាទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនឆ្ពោះមកចូលរាជធានីភ្នំពេញ នៅពេលធ្វើដំណើរមកដល់ចំណុចស្ពានលេខ១០ ក៏បានបុករថយន្តដឹកខ្សាច់មួយគ្រឿងបើកឆ្លងផ្លូវកាត់មុខស្របទិសគ្នាបុកពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមុខហើយស្រុញ បណ្ដាលឱ្យគាបជាប់អ្នកបើកបររងរបួសធ្ងន់។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបររថយន្តដឹកខ្សាច់ ក៏បានបើកគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តដឹកផ្លែឈើរងការខូចខាតយ៉ាងដំណំហើយអ្នកបើកបរបានរងរបួសត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តបញ្ជូនទៅសង្គ្រោះ។
ក្រោយពេលកើតហេតុសមត្ដកិច្ចមូលដ្ឋានចុះដល់ចំណុចកើតហេតុ រួមទាំងអ្នកស្គាល់បានទៅដាក់ពាក្យបណ្ដឹងដើម្បីស្វែងរករថយន្តដឹកខ្សាច់ដែលគេចបាត់ដើម្បីធ្វើការដោះស្រាយ ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច