ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​សំពៅ​លូន​ឃាត់​យុវជន​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេព​សេ​ន្ថ​វៈ​លើ​អនីតិជន​

ចែករំលែក៖

  ខេត្ត​​បាត់ដំបង​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សន្តិភាព​ កាលពីយប់មិញនេះ​ បាន​ធ្វើការ​បង្ក្រាប​ករណី​ប៉ុនប៉ង​រំលោភ​សេព​សេ​ន្ថ​វៈ​លើ​ក្មេង​ស្រី​(​អនីតិជន​)​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ។​

​លោក​វរសេនីយ៍ទោ​ ទឹម​ វិ​ឆ័​យ​ អធិការ​នគរបាល​សំពៅ​លូន​ បាន​ឱ្យ​​ដឹង​ថា​ នៅ​វេលាម៉ោង​ ០៩​ និង០៥យប់ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២​ ជនសង្ស័យ​ឈ្មោះ​ សុខ​ ឆាន់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ស្នាក់​បណ្ដោះអាសន្ន​ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ប​.​ច​ណ​ អាយុ​១០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ប្រព្រឹត្ត​នា​វេលា​ម៉ោង​ប្រហែល​២០​និង​១០​នាទី​ ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២​  ត្រង់​ចំណុច​ព្រៃ​ក្បែរ​ផ្ទះ​ ស្ថិត​ក្នុងភូមិ​គី​ឡុ​១៣​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។​

​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោកស្រី​ឧត្តមសេនីយ៍ត្រី​ រស់​ ជីវី​ ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន​ លោក​អធិការ​បាន​ធ្វេ​ី​ការ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​មក​អធិការ​ដ្ខា​ន​នគរបាល​ស្រុក​ដើម្បី​សួរ​ចម្លើយ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​ខាងលើ​ពិតប្រាកដ​មែន​ តែ​មិន​បាន​សម្រេច​ទេ​ ដោយសារ​ខ្លួន​គេ​ស្រវឹងស្រា​ជោកជាំ​ ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី​ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖