ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធមួយគ្រាប់ដោយមិនដឹងពីមូលហេតុបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រីនៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ ស្នូរសំឡេងផ្ទុះអាវុធចំនួន១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ចុះមកធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខអគារខុនដូមួយកន្លែង ខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ តាមបណ្ដោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តបីគ្រឿង ក្នុងនោះពីរគ្រឿងមិនស្គាល់ម៉ាក និងមួយគ្រឿងទៀតម៉ាកព្រូស ចំណែករថយន្តពីរគ្រឿងដែលមិនស្គាល់ម៉ាកនោះបានដឹកភ្ញៀវជនជាតិចិនមួយក្រុម រីឯរថយន្តព្រូសមិនមានដឹកភ្ញៀវទេ គឺបើកបរដោយបុរសម្នាក់ ហើយរថយន្តទាំងបីគ្រឿងនោះបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ បានឈប់អែបខាងស្តាំដៃនៅចិញ្ចើមផ្លូវដោយបានដាក់ភ្ញៀវមួយក្រុមនោះចុះ។  ពេលភ្ញៀវកំពុងតែនាំគ្នាដើរចូលខុនដូខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់បើករថយន្តធុនដ្រាមួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងមកឈប់អែបក្បែររថយន្តដែលកំពុងដាក់ភ្ញៀវ  ហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ឡើងលើមួយគ្រាប់ រួចបើករថយន្តចេញទៅបាត់។

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនចុះមកធ្វើអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ ដោយបានរើសយកសំបកកាទុសទុកធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖