ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុករះម៉ូតូនិងតូបលក់ដូរ បណ្ដាលឱ្យយុវជនម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តតាកូម៉ាមួយគ្រឿងក្នុងល្បឿនលឿនជួននឹងផ្លូវកោងផងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះម៉ូតូមួយគ្រឿងនិងតូបលក់ដូរបណ្តាលឱ្យយុវជនម្នាក់រងរបួសជើងម្ខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ នៅចំណុចមុខរោងចក្រទុកចោលមួយកន្លែង តាមបណ្តោយផ្លូវ លេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់អង្គុយនៅលើកៅអី និងយុវជនម្នាក់ទៀតអង្គុយលើម៉ូតូហុងដាស្គូពីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AR-8920 និយាយគ្នាលេងជាមួយអ្នកនៅក្បែរគ្នានោះ។ លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសម្នាក់បើករថយន្តតូយ៉ូតា តាកូម៉ា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BD-3785 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ពីជើងទៅត្បូង ក្នុងល្បឿនលឿនហើយជួននឹងផ្លូវកោងផងបួងចង្កូតមិនទាន់ក៏ជ្រុលមកខាងស្ដាំដៃទៅបុករះម៉ូតូនិងតូបលក់ដូរបណ្ដាលឱ្យម៉ូតូនិងតូបលក់ដូររងការខូចខាត ចំណែកយុវជនដែលអង្គុយលើម៉ូតូម្នាក់នោះរងរបួសជើងម្ខាងត្រូវបានបញ្ជូនតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកបុរសពីរនាក់ទៀតរត់ចេញទាន់មិនមានរងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់កន្លែងកើតហេតុនិងបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងអស់ធ្វើការចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖