ព័ត៌មានទាន់ហេតុការណ៍៖

Man Utd យល់ព្រមចុះហត្ថលេខាលើខ្សែបម្រើ Casemiro របស់ Real Madrid

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានយល់ព្រមចុះហត្ថលេខាលើខ្សែបម្រើ Casemiro របស់ Real Madrid ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់៦០លានផោន (៧០លានដុល្លារអាមេរិក)។ អ្នកចាត់ការទូទៅរបស់ Man United លោក Erik ten Hag បានអស់សង្ឃឹមក្នុងការនាំយកខ្សែបម្រើការពារចាប់តាំងពីចូលកាន់តំណែងនៅ Old Trafford ហើយទីបំផុតបានយល់ព្រមនាំយក Casemiro បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករ Frenkie de Jong របស់ Barcelona ។

ក្រុមបិសាចក្រហមកំពុងឈរនៅបាតតារាង Premier League បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់ពេលប្រកួតជាមួយ Brighton និង Brentford នឹងត្រូវចំណាយប្រាក់ដំបូង៥០លានផោន។ តម្លៃសរុបនឹងកើនឡើង១០លានផោនទៀត ប្រសិនបើលក្ខខណ្ឌជាក់លាក់ក្នុងកិច្ចសន្យាត្រូវបានបំពេញ។

Casemiro ត្រូវបានផ្តល់ជូនកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយនឹងជម្រើសនៃការបន្ថែមរយៈពេល១២ខែបន្ថែមទៀត ជាមួយនឹងការផ្ទេរនេះស្ថិតនៅក្រោមកិច្ចព្រមព្រៀងនៃលក្ខខណ្ឌផ្ទាល់ខ្លួន។ កីឡាករវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយ Real Madrid ពីក្លិប Sao Paulo ក្នុងឆ្នាំ២០១៣ ហើយបានក្លាយជាតួអង្គសំខាន់នៅក្នុងខ្សែបម្រើរបស់ក្លិបក្លិបអេស្ប៉ាញ ដោយបានជួយក្រុមឈ្នះពានរង្វាន់ Champions League ចំនួន៥ដង។

សេចក្តីថ្លែងការណ៍មួយពី Manchester United បានឲ្យដឹងថា “Manchester United មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាក្លិបបានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid សម្រាប់ការផ្ទេរ Casemiro។ ការផ្ទេរនេះគឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងនៃលក្ខខណ្ឌផ្ទាល់ខ្លួន តម្រូវការទិដ្ឋាការចក្រភពអង់គ្លេស និងផ្នែកវេជ្ជសាស្រ្ត។

លោក Ten Hag បានបដិសេធមិនពិភាក្សាអំពីការផ្ទេរនេះនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រ ប៉ុន្តែលោក Carlo Ancelotti គ្រូបង្វឹករបស់ Real Madrid កាន់តែមានពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអេស្ប៉ាញ។ លោក Ancelotti បាននិយាយថា “ខ្ញុំបានពិភាក្សាវាជាមួយគាត់នៅព្រឹកនេះ គាត់ចង់សាកល្បងការប្រកួតប្រជែងថ្មីមួយ ដែលជាឱកាសថ្មីមួយ។ ក្លិបយល់ហើយ គាត់បានធ្វើគ្រប់យ៉ាងសម្រាប់ក្លិបនេះ និងមនុស្សដែលគាត់ជា យើងត្រូវគោរពវា។ប្រសិនបើគាត់មិននៅទេ យើងនឹងដឹងគុណគាត់យ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានធ្វើ យើងមានអ្នកជំនួសនៅក្នុងក្រុម”។

Casemiro ធ្លាប់លេងជាមួយតារា Manchester United បច្ចុប្បន្នគឺCristiano Ronaldo និង Raphael Varane នៅ Real Madrid។ ការមកដល់របស់គាត់នឹងបំពេញចន្លោះប្រហោងក្នុងខ្សែបម្រើ បន្ទាប់ពីការតាមទិញ De Jong បានបរាជ័យ។

បទពិសោធន៍ និងភាពជោគជ័យដ៏សម្បូរបែបរបស់ Casemiro នៅកម្រិតខ្ពស់បំផុតនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករជម្រើសដំបូងដែលអាចជំនួស Fred ឬ Scott McTominay នៅខ្សែបម្រើកណ្តាល។ គាត់ទំនងជាមិនមានវត្តមានសម្រាប់ការប្រកួតបន្ទាប់របស់ Manchester United ទល់នឹងគូប្រជែងធំ Liverpool នៅ Old Trafford នៅថ្ងៃចន្ទទេ។ ជំនួសមកវិញការបង្ហាញខ្លួនដំបូងរបស់ Casemiro អាចនឹងពេលប៉ះ Southampton ក្នុង Premier League នៅថ្ងៃទី២៧ ខែសីហាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/CNA)


ចែករំលែក៖