ព័ត៌មានទាន់ហេតុការណ៍៖

CATA ប្រកាសបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប៖ សមាគមទេសចរណ៍កម្ពុជា បានប្រកាសចាប់ផ្តើមដំណើរការវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដល់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកទីភ្នាក់ងារទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ច នៅខេត្តសៀមរាប។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅ៍ទី២០​ ខែសីហា​ ឆ្នាំ​២០២២។ 

ក្រសួង​ទេសចរណ៍​ បានបន្ដថា​ សមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA នៅរសៀលថ្ងៃទី១៩ ខែសីហាម្សិលមិញនេះ​ បានរៀបចំពិធីប្រកាសជាផ្លូវការ នូវវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញឡើងវិញដល់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ និងផ្នែកបរិសណ្ឋារកិច្ច ដែលក្នុងនោះមានសិក្ខាកាមចូលរៀនសរុប ១,១២៤នាក់។ ពិធីនេះធ្វើឡើងក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងស្ថាប័នជាច្រើនទៀត សរុប ជាង១៥០នាក់។

តាមរបាយការណ៍របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កម្មវិធីបណ្តុះបណ្តាលធ្វើឡើងដោយសង្កត់ធ្ងន់ទៅលើការពង្រឹងជំនាញដែលមានស្រាប់ និងរំលឹកឡើងវិញ សម្រាប់បុគ្គលិកកំពុងបម្រើការងារ ឬត្រូវបានបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងសកម្មភាពស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ (MOT) ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ។

កម្មវិធីសិក្សា និងមេរៀនបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយផ្អែកលើសមត្ថភាពនៃជំនាញនីមួយៗ សម្រាប់បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ចំនួន៧០០នាក់ ផ្នែកទីភ្នាក់ងារនិងការីទេសចរណ៍ ចំនួន១៧៥នាក់ និងផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន២០០នាក់។

លោកស្រី​ ឆាយ ស៊ីវលីន បានបន្តថា ដើម្បីធានាការបណ្តុះបណ្តាលជំនាញ គម្រោងបានធ្វើការ បណ្តុះបណ្តាលគ្រូបង្គោលចំនួន៤៩រូបដោយភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) ដើម្បីចូលរួមអនុវត្តន៍ការបណ្តុះបណ្តាលទៅកាន់សិក្ខាកាមជាង១ពាន់នាក់ ក្នុងរយៈពេលចាប់ពីខែសីហា ដល់ខែតុលាឆ្នាំ២០២២នេះ។

ក្នុងដំណើរជ្រើសរើសសិក្ខាកាម សមាគមទេសចរណ៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងបានរៀបចំសិក្ខាកាមផ្សព្វផ្សាយដំបូងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះដំណើរការជ្រើសរើសសិក្ខាកាមចំនួន១០៧៥នាក់ ត្រូវបញ្ចប់ជាស្ថាពរទៅតាមចំនួនសិក្ខាកាមដែលបានគ្រោងទុក។ ហេតុដូចនេះ ការចាប់ផ្តើមដំណើរការអនុវត្តការបណ្តុះបណ្តាល នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះការបណ្តុះបណ្តាលទៅកាន់បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍រួមមាន១០ផ្នែក, ផ្នែកទីភ្នាក់ងារ ១០ផ្នែក, ផ្នែកទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកជួរមុខ ផ្នែករៀបចំបន្ទប់ ផ្នែកបំរើម្ហូបអាហារ ផ្នែកចុងភៅ ផ្នែកធនធានមនុស្ស ផ្នែកលក់ និងទីផ្សារ ផ្នែកស្ប៉ា និង ផ្នែកវិស្វកម្ម។

លោកស្រី​ ឆាយ ស៊ីវលីន បានហៅសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការលើការជំរុញអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងថ្ងៃនេះគឺជាជំហ៊ានថ្មីមួយទៀតនៃការសហការរួមគ្នាពីសមាគមទេសចរណ៍កម្ពុជា(CATA), ទីភ្នាក់ងារប្រឹក្សាយោបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និង CHT ក្នុងការចូលរួមសម្រេចនូវផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការបណ្តុះបណ្តាលពង្រឹងជំនាញដែលមានស្រាប់សម្រាប់ខេត្តសៀមរាប និងត្រៀមសម្រាប់ទទួលទេសចរឡើងវិញនាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមទេសចរណ៍កម្ពុជា ដែលបង្កើតឱ្យមានវគ្គពង្រឹងសមត្ថភាពជំនាញនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងបញ្ហានាពេលបច្ចុប្បន្ន។ លោកមានប្រសាសន៍ទៀតថា ពិតណាស់ថា វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យអ្នកជំនាញទេសចរណ៍ជាច្រើនបានចាកឆ្ងាយពីអាជីពរបស់ពួកគេ ដូច្នេះជាការចាំបាច់ ដែលពួកគេគួរត្រូវបានពង្រឹងជំនាញឡើងវិញ ក្រោយសម្រាកមួយរយៈកំឡុងពេលគ្មានភ្ញៀវ៕

ដោយ​៖សហការី​


ចែករំលែក៖