ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២០ ខែសីហា ឆ្នាំ២០២២នេះថា៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Preeti Sinha លេខាធិការប្រតិបត្តិនៃ មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (United Nations Capital Development Fund – UNCDF) និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍដោយចីរភាព។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អំពីសារៈសំខាន់នៃហិរញ្ញប្បទានបៃតង ហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត នៅក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ជាការឆ្លើយតប លោកស្រី Preeti Sinha បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រកបដោយចីរភាព ហើយ UNCDF ត្រៀមខ្លួនជានិច្ចក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងបរិស្ថាន វិស័យឯកជននិងធនាគារ នៅក្នុងការផ្ដល់ហិរញ្ញប្បទានចម្រុះ (Blended Finance) ក្នុងការអភិវឌ្ឍកម្ពុជា នាពេលអនាគត៕
ដោយ៖សហការី