ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៣ថ្ងៃ មន្ត្រី ក.ប.ប. ដកហូតទំនិញមិនមានអនុលោមភាពប្រមាណជិត១តោន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅយប់ថ្ងៃ​ទី​១៩​ ខែសីហា​​​ ឆ្នាំ​២០២២​នេះថា៖​ តាមរយៈសកម្មភាពអង្កេតទីផ្សារជារឿយៗ គឺចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២២ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តរតនគិរី ស្វាយរៀង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រះសីហនុ និងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមបណ្តាទីផ្សារសំខាន់ៗ ផ្ទះលក់ទំនិញ ម៉ាត ដេប៉ូចែកចាយទំនិញ ដោយបានរកឃើញនិងដកហូតនូវទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទ ខុសនឹងបទដ្ឋានព័ត៌មាន។ 

ក្នុងប្រតិបត្តិការការនេះដែរ​ ដកហូតនូវទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទ សរុបចំនួន ៨៤២.៩៨គ.ក និងផលិតផលគ្រឿងសម្អាងមិនមានអនុលោមភាពចំនួន ១២២គ.ក និងបានធ្វើការពិន័យអន្តរការណ៍ ដើម្បីការអប់រំណែនំាអាជីវករឱ្យបានយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់នានា។

ជាមួយគ្នានោះ​ មន្រ្តីជំនាញ​ក.ប.ប. បានបន្ថែមថា​ ដើម្បីធានាឱ្យបានថាពុំមានការកេងបន្លំណាមួយកើតឡើង នៅតែបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈនានា ដើម្បីឆ្លុះបញ្ចាំងទៅលើអំពើមិនសុចរិតណាមួយដែលអាជីវករខិលខូចចង់កែងចំណេញពីអ្នកប្រើប្រាស់។ 

ជាក់ស្តែងនៅថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២២ ក្នុងចំណោមស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន ៣២ទីតាំង ស្ថិតក្នុងស្រុកសំខាន់ៗនៃខេត្តកំពង់ធំ បន្ទាយមានជ័យ កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តសៀមរាប មាន៧ដេប៉ូ ត្រូវបានមន្ត្រី ក.ប.ប. រកឃើញថាពុំមានភាពអនុលោមតាមច្បាប់ ដូចនេះបានចាត់វិធានការតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ ដោយម្ចាស់ដេប៉ូទាំងនោះព្រមទទួលស្គាល់នូវកំហុស៕

ដោយ៖សហការី​


ចែករំលែក៖