ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ដោយបញ្ជាក់ថា, ( ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ) បើ យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ ជ្រលងសម្ពាធទាបឥណ្ឌា និងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលកើតសារជាថ្មីអូសបន្លាយនៅលើភាគខាងជើងកម្ពុជា ស្ថិតក្នុងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្មមួយស្ថិតនៅក្នុងសមុទ្រតុងកឹង គួបផ្សំនឹងការបង្កើនល្បឿនបក់នៃរបបខ្យល់មូសុងនិរតី ផងនោះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ មានស្ថានភាព ៖
– បណ្តាខេត្តនៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀង ធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតកើនឡើងពីមធ្យមទៅច្រើន ។ ស្ថានភាពបែបនេះ នឹងអាចបង្កឲ្យ តំបន់ផ្ទៃរងទឹកភ្លៀង ទីទំនាបជាប់ផ្លួវទឹកនៅតាមបណ្តាខេត្តក្នុងភូមិសាស្ត្រទាំងនោះ ដែល ទទួលបាននូវបរិមាណទឹកភ្លៀងច្រើនកន្លងរួចមកហើយ មានជាអាទិ៍ ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។
– បណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើនៅតាមតំបន់ខ្លះ ។
ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែល អាចធ្វើឲ្យទឹកទន្លេ មានការហក់ឡើងសារជាថ្មី ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕
ដោយ ៖ សិលា