ភ្នំពេញ៖ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបសំណេះសំណាល និងទទួលអំណោយជាកុំព្យូទ័រ (Laptop) ចំនួន៦គ្រឿង ពីសាខាធនាគារពិភពលោក ប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុន តាមរយៈលោកស្រី ណាណាកូ អាគីយ៉ាម៉ា អគ្គនាយិកាក្រមហ៊ុន OBARA KOGYO CO.,LTD. និងលោកស្រី អាគីកូ ប្រធានអង្គការ Side By Side នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។
នាឱកាសនោះ លោកស្រីទាំងពីរតំណាងឱ្យសប្បុរសជន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមចំណែកជាមួយការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តាមរយៈការនាំយកកុំព្យូទ័រមកប្រគល់ជូននេះ ដេីម្បីសម្រាប់បំពេញការងារឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពថែមទៀត ។
ជាការឆ្លើយតប ក្នុងនាម លោក ឃួង ស្រេង សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរគុណដល់សាខាធនាគារពិភពលោក ប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានផ្តល់អំណោយជាកុំព្យូទ័រតាមរយៈលោកស្រីទាំងពីរ ជូនដល់សាខារាជធានីភ្នំពេញ ដែលស្របពេលសាខាកំពុងមានតម្រូវការយ៉ាងចាំបាច់ក្នុងការអនុវត្តសកម្មភាពការងារមនុស្សធម៌ឱ្យកាន់តែមានភាពរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពជាមុន ។
លោកនាយកប្រតិបត្តិសាខា ក៏បានជម្រាបជូនភ្ញៀវពីសកម្មភាពការងាររបស់សាខាដែលបានអនុវត្តទៅតាមវិស័យស្នូលទាំង៤ ព្រមទាំងបានសន្យានឹង ចាត់ចែងបែងចែកប្រេីប្រាស់កុំព្យូទ័រទាំងនេះឱ្យចំគោលដៅ ក្នុងការបម្រេីការងារមនុស្សធម៌ឱ្យបានកាន់តែល្អប្រសេីរថែមទៀត ៕
ដោយ៖សហការី